(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានឲ្យដឹងថា លោកបានតែងតាំងលោក ស្ទីវិន ប៊ីហ្គាន់ (Stephen Biegun) ជាបេសកជនពិសេសប្រចាំប្រទេសកូរ៉េខាងជើង ដើម្បីបន្តកិច្ចចរចាសំខាន់ៗ​ជាមួយទីក្រុងព្យុងយ៉ាង។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។

បើតាមការបញ្ជាក់របស់លោករដ្ឋមន្រ្តីកាបរទេសអាមេរិក ​​ក្នុងនាមជាអ្នកតំណាង​ពិសេស​របស់សហរដ្ឋអាមេរិក លោក ស្ទីវិន នឹងមាន​តួនាទីដឹកនាំកិច្ចចរចាផ្សេងៗជាមួយទីក្រុងព្យុងយ៉ាង ខណៈការ​ប្រើប្រាស់ការទូត​ដើម្បីដោះស្រាយ​ការគំរាមកំហែងសន្តិសុខ​​របស់​កូរ៉េ​ខាង​ជើង នៅតែជាអាទិភាពដ៏ចម្បងមួយ​របស់​ប្រធានាធិបតី​ ដូណាល់ ត្រាំ។

គួរជម្រាបថា លោក ស្ទីវិន ក៏នឹងអមដំណើរ លោក ប៉ុមប៉េអូ បំពេញទស្សនកិច្ចលើក ទៅកាន់ប្រទេសកូរ៉េខាងជើង នាសប្តាហ៍​ក្រោយ​ផងដែរ៕