(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានឱ្យដឹងថាលោកនឹងជួបជាមួយក្រុមមន្ត្រីអាមេរិក ដែលចង់ហាមរូបលោកមិនឱ្យទិញអាវុធពីចិន និងរុស្ស៊ី ជាមួយការចោទសួរថាតើមានតែសហរដ្ឋអាមេរិកឬ ដែលជាអ្នកផ្គត់ផ្គង់អាវុធនៅលើ ពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។

លោក ឌូតឺតេ ថ្លែងបែបនេះ នៅក្នុងសុន្ទរកថាមួយនៅឯទីក្រុង Davao នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីលោកបានទទួល សំបុត្រពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ប៉ុមប៉េអូ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាទីស និងរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក វៀលប៊ឺ រ៉ូស (Wilbur Ross)។ ថ្លែងនាឱកាសនោះ លោកឌូតឺតេ បានគូសបញ្ជាក់ដូច្នេះថា៖ «វាពិតជាពិបាកនិយាយខ្លាំង ណាស់ថាយើងគឺជាមិត្ត...ពីព្រោះមិត្តភាពរបស់យើងកើតឡើងដោយសារតែអ្នកដាក់អាណានិគមមកលើពួកយើង។ វាជាមិត្តភាព ដែលមិនមែនកើតឡើងដោយការពេញចិត្តនោះទេ ពោលគឺវាគឺជាមិត្តភាពដែលអ្នកដាក់មកលើពួកយើង។ តែយ៉ាងណាខ្ញុំនឹងជួប ជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក ដែលចង់ហាមយើងមិនឱ្យទិញអាវុធពីរុស្ស៊ី និងចិន»

សូមជម្រាបថា នៅក្នុងសំបុត្រខាងលើ ក្រុមមន្ត្រីកំពូលអាមេរិក បានកោតសរសើរពីមិត្តភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល ព្រមទាំងជម្រុញផងដែរឱ្យមានការរៀបចំកិច្ចសន្ទនាជាមួយលោក ឌូតឺតេ ដើម្បីបញ្ចុះបញ្ចូលលោកឱ្យទិញអាវុធ ពីសហរដ្ឋអាមេរិកដោយបោះបង់គំនិតទិញអាវុធពីចិន និងរុស្ស៊ី៕