(ហាវ៉ៃ)៖ នាវាចម្បាំង នាវាមុជទឹក​ និងយន្តហោះចម្បាំងអាមេរិក ដែលឈរជើងនៅរដ្ឋហាវ៉ៃ ​ត្រូវបានបញ្ជាឲ្យ​​ផ្លាស់ទីចេញជា​បន្ទាន់ ខណៈព្យុះកំណាចហឺរីខិនឈ្មោះថា «លេន (Lane)» កំពុងបោកបក់ឆ្ពោះមកកាន់កោះនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់​ងារ​ចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។

អ្នកនាំ​ពាក្យបន្ទាយ Pearl Harbor-Hickam បានឲ្យដឹងថា នាវាចម្បាំងនិងនាវាមុជទឹកទាំងឡាយ ដែលមិនកំពុងស្ថិតក្រោមការជួសជុល​ទេនោះ បានចាប់ផ្តើមធ្វើដំណើរចាកចេញហើយ ខណៈព្យុះហឺរីខិន Lane កំពុងឆ្ពោះសំដៅមកហាវ៉ៃ។ ទន្ទឹមនឹងនេះ​យន្តហោះ​​ចម្បាំង​របស់ទ័ពអាកាសអាមេរិក​ ដែលជាទូទៅឈរជើង​នៅឯព្រលាន Hickam Field នោះ កំពុងរៀបចំចាកចេញទីកាន់មូលដ្ឋានផ្សេង​ផង​ដែរ​។

គួរជម្រាបថា ព្យុះហឺរិខិន Lane ដែលទើបកើនឡើងឥទ្ធិពល​ដល់កម្រិត Category-5 ដ៏ខ្លាំងក្លានោះ ​កំពុងត្រូវគេចាត់ទុកថាជាព្យុះ​​ធំ​បំផុត ដែលបោកបក់មករកកោះហាវ៉ៃ ក្នុងអំឡុងពេលប្រមាណ២៤ឆ្នាំកន្លងទៅនេះ ហើយវាត្រូវគេព្យាករណ៍ថា នឹងមកដល់ហាវ៉ៃ​នៅ​​យប់ថ្ងៃសុក្ររហូតដល់ថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) ជាមួយល្បឿនខ្យល់យ៉ាងតិច​២៤៩គីឡូម៉ែត្រក្នុងមួយម៉ោង៕