(វ៉ាស៊ីនតោន)៖ ក្រោយពីក្រសួងការបរទេសអាមេរិក បានប្រកាសបញ្ចប់កញ្ចប់ថវិកា​​ប្រមាណ២៣០លានដុល្លារ ដែលគ្រោងប្រើ​សម្រាប់​ជួយ​រក្សាស្ថិរភាពនិងអភិវឌ្ឍន៍​​ប្រទេសស៊ីរីឡើងវិញនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ចេញ​មុខ​ទទូច​ឲ្យ​ប្រទេស​ដទៃទៀត ដែលលោកហៅថាជាប្រទេសអ្នកមានៗ ឲ្យចេញថ្លៃបន្ទុកនេះវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញ​ពីទីភ្នាក់ងារ​​ព័ត៌​​មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨។

​បើតាមសារបង្ហោះលើបណ្តាញ Twitter លោក ត្រាំ បានបញ្ជាក់ថា គម្រោងជំនួយ​២៣០លានដុល្លាររបស់សហរដ្ឋអាមេរិក​សម្រាប់​ស៊ីរី​នោះ ត្រូវបានបញ្ចប់​​​​​​ហើយ ដោយអារ៉ាប៊ីសាអូឌីត និងប្រទេសមានស្តុកស្តម្ភ​ដទៃទៀត នៅតំបន់មជ្ឈិមបូព៌ា នឹងចាប់ផ្តើមទទួលបន្ទុក​រឿងនេះវិញ​ ជំនួស​ប្រទេសរបស់លោក​។

គួរជម្រាបថា គម្រោងថវិកាជំនួយខាងលើ ត្រូវបានផ្តួចផ្តើមឡើងកាលពី​ខែកុម្ភៈឆ្នាំនេះ ដោយអតីតរដ្ឋមន្រ្តី​ការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន ​ដែល​ត្រូវលោក ដូណាល់ ត្រាំ បណ្តេញចេញពីតំណែង ប៉ុន្តែលោក ត្រាំ ត្រូវគេរាយការណ៍ថា បានបញ្ជាឲ្យ​ដាក់​គម្រោង​ផ្តល់​មូលនិធិនេះ នៅក្រោមការពិចារណាសិន៕