(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្តេជ្ញាយ៉ាងមុតមាំថា នឹងប្រើចំណាត់ការថ្មីៗបន្ថែមទៀត ដើម្បីជំរុញឲ្យ​មានការ​ដោះលែងអាចារ្យសាសនាគ្រឹស្ត​ជនជាតិអាមេរិកម្នាក់ ដែលកំពុងបន្តជាប់ឃុំឃាំង នៅក្នុងប្រទេសតួកគី។ នេះបើតាមការដកស្រង់ការ​ផ្សាយចេញពីទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russia Today (RT) នៅយប់ថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ បាននិយាយដូច្នេះថា «យើងនឹងមិនអង្គុយរង់ចាំមើលរឿងបែបនេះ ដោយស្ងៀមៗឡើយ ហើយ​បញ្ហា​នេះ​មិន​ទាន់​ចប់​នោះ​ទេ​»។ ការបង្ហាញការប្តេជ្ញាចិត្តបែបនេះរបស់លោកប្រធានាធិបតីអាមេរិក ត្រូវបានធ្វើឡើង បន្ទាប់ពីតុលាការ​តួកគី បាន​សម្រេច​ច្រានចោល​​សំណើឲ្យដោះលែង​អាចារ្យខាងលើ​ ដែលមានឈ្មោះថា Andrew Brunson។

គួរជម្រាបថា លោក Andrew Brunson ត្រូវបានចាប់ឃុំឃាំងដោយទីក្រុ​ងអង់ការ៉ា ចាប់តាំងតែពីឆ្នាំ២០១៦មកម្ល៉េះ ក្រោមការចោទ​​ប្រកាន់ថា រូបលោកមានជាប់ពាក់ព័ន្ធនឹងចលនា នៅពីក្រោយការធ្វើរដ្ឋប្រហារបរាជ័យ ​កាលពីឆ្នាំនោះ ហើយបច្ចុប្បន្នបញ្ហានេះ កំពុង​តែធ្វើឲ្យទំនាក់ទំនង​រវាងសហរដ្ឋអាមេរិកនិងតួកគី ធ្លាក់ចុះដុនដាបជាខ្លាំង៕