(អ៉ីស្លាម៉ាបាដ)៖ រដ្ឋសភានៃប្រទេសប៉ាគីស្ថាន បានសម្រេច​បោះឆ្នោតជ្រើសរើស​​លោក Imran Khan ធ្វើជានាយករដ្ឋមន្រ្តីថ្មី​នៃប្រទេស​​អាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ​ នៅយប់ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។

​អ្នកនាំពាក្យ​រដ្ឋសភាប៉ាគីស្ថាន ដែលជាសភាជាន់ទាប បានប្រកាស​ថា លោក Imran Khan ដែលជាប្រធានគណបក្សចលនាយុត្តិធម៌​​ប៉ាគីស្ថាន ហៅកាត់ថា PTI បានទទួលសំឡេងគាំទ្រ​ចំនួន១៧៦សំឡេង ធៀបនឹងគូប្រជែងរបស់លោក គឺលោក Shehbaz Sharif ​នៃ​គណបក្ស PML-N ដែលទទួលបាន៩៦សំឡេង។

គួរជម្រាបថា ក្នុងការបោះឆ្នោតកាលពីចុងខែកក្កដាកន្លងទៅនេះ គណបក្ស​របស់​លោក Khan បានទទួលជ័យ​ពិតមែន ប៉ុន្តែបើ​តាម​​ចំនួន​​អសនៈ​​ដែល​បក្សរបស់លោកទទួលបាន គឺពុំអាចបង្កើត​រដ្ឋាភិបាលសំឡេងភាគច្រើនបានឡើយ ដោយសារតែអសនៈ​ចាំបាច់គឺ​​​ចំនួន​១៣៧ ទើបមានការបោះឆ្នោតសម្រេច​ជ្រើសរើស​នាយករដ្ឋមន្រ្តីដោយសភា៕