(ឥណ្ឌា)៖ ចំនួនជាផ្លូវការនៃអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់យ៉ាងខ្លាំង នៅរដ្ឋ Kerala ដែលជាទីទាក់ទាញភ្ញៀវទេសចររបស់ប្រទេសឥណ្ឌា បានកើនឡើងដល់៨៦នាក់ហើយ នៅថ្ងៃព្រហស្បត្តិ៍នេះ ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា ចំនួនអ្នកស្លាប់ច្រើនជាងចំនួន​ដែលចេញផ្សាយជាផ្លូវការនេះ ស្របពេលដែលមានការព្រមានថា នឹង​កើតមានព្យុះភ្លៀងបន្ថែមទៀត, នេះបើយោងតាមសារព័ត៌មាន Channel News Asia បានចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ។

«យ៉ាងហោចណាស់ មានមនុស្ស២១នាក់បានស្លាប់នៅក្នុងថ្ងៃនេះ, ចំនួនជាផ្លូវការនៃអ្នកស្លាប់ ឥឡូវនេះគឺ៨៦នាក់», នេះបើតាមសម្តីអ្នកនាំពាក្យរដ្ឋ Kerala នៃប្រទេសឥណ្ឌា បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។

រដ្ឋ Kerala ដែលមានភាពល្បីល្បាញដោយ​ទេសភាពឆ្នេរសមុទ្រដ៏ស្រស់ត្រកាល រួមជាមួយ​ទិដ្ឋភាពនៃចម្ការ​តែនោះ បាននិងកំពុងរង​ការវាយលុកយ៉ាងដំណំ​ពី​ការធ្លាក់ភ្លៀងជោគជាំខុសពីធម្មតា នារដូវវស្សាឆ្នាំនេះ ខណៈភូមិរាប់រយកន្លែង ត្រូវបានជន់លិច ហើយ​ជើង​ហោះហើរចេញនិងចូលប្រចាំតំបន់ត្រូវបានផ្អាកថែមទៀត។

គួរជម្រាបថា ក្រៅពីនេះកំណាត់ផ្លូវសរុប​ប្រវែងជាង១០,០០០គីឡូម៉ែត្រ ព្រមទាំង​លំនៅឋានរាប់ពាន់ខ្នង ក៏ត្រូវបំផ្លិចបំផ្លាញទាំងស្រុង​ ឬធ្វើឲ្យខូចខាតនៅទូទាំងរដ្ឋ​ផងដែរ ខណៈ​អាជ្ញាធរក្នុងតំបន់បានចេញសេចក្តីប្រកាសអាសន្ន ដើម្បីឲ្យប្រជាជនមានការប្រុងយ័ត្ន​ខ្ពស់ នៅចំពោះមុខការបន្តធ្លាក់ភ្លៀងកាន់តែខ្លាំងថែមទៀត៕