(ញូយ៉ក)៖ ក្រុមអ្នក​ប្រយុទ្ធ ISIS ចន្លោះពី ២០,០០០នាក់ ដល់ ៣០,០០០នាក់ នៅតែបន្តមានវត្តមាន​នៅឡើយនៅក្នុងប្រទេស​អ៊ីរ៉ាក់ និងស៊ីរី បើទោះជាពួកនេះ​បានបរាជ័យ​ផ្នែកយោធា និងបានបាត់បង់​ឥទ្ធិពលមួយផ្នែកធំ​ នៅក្នុងតំបន់​មជ្ឈិមបូព៌ា​ក៏ដោយ។ នេះបើតាមរបាយការណ៍​ថ្មីមួយរបស់អង្គការ​សហប្រជាជាតិ (UN) ដកស្រង់​​ដោយ​សារព័ត៌មាន Al Jazeera នៅ​ព្រឹកថ្ងៃអង្គារ ទី១៤ ខែសី​ហា ឆ្នាំ២០១៨។

របាយការណ៍ UN ចេញផ្សាយនៅ​ថ្ងៃចន្ទសប្ដាហ៍នេះ បានឱ្យដឹងទៀតថា ក្រុមអ្នក​ប្រយុទ្ធ ISIS ចន្លោះ​ពី ៣,០០០នាក់ ដល់ ៤,០០០នាក់ កំពុងរក្សាមូលដ្ឋាន​របស់ខ្លួន​នៅក្នុង​ប្រទេស​លីប៊ី ខណៈមេដឹកនាំ​សំខាន់ៗរបស់ក្រុមភេរវករ​មួយនេះ កំពុងធ្វើ​ប្រតិបត្តិការ​នៅក្នុង ប្រទេស​អាហ្វហ្គានីស្ថាន។ ក្រុម ISIS បានបាត់បង់​ទឹកដីមួយ​ផ្នែកធំ បន្ទាប់ពីត្រូវ​បានវាយបណ្ដេញ​ចេញពីទីក្រុង​មូស៊ុល ប្រទេសអ៊ីរ៉ាក់ និងទីក្រុង​រ៉ាក់កា​ នៅ​ស៊ីរី។

ក៏ប៉ុន្តែ​បើទោះជាអស់​ឥទ្ធិពលក៏ពិតមែន ក៏ក្រុមសកម្ម​ប្រយុទ្ធ ISIS នៅតែបន្ត​ដឹកនាំការ​វាយប្រហារ​ដោយបំផ្ទុះគ្រាប់បែកអត្តឃាតជារឿយៗ ហើយបើតាម​រដ្ឋាភិបាលស៊ីរី ក្រុម ISIS ក៏កំពុងធ្វើសកម្មភាព​ជាសំងាត់នៅតាម​តំបន់វាល ដាច់ស្រយាលជាច្រើននៅក្នុងប្រទេស​ស៊ីរី​ផងដែរ។

គួរបញ្ជាក់ថា បើតាមរបាយការណខាងដដែល ប្រទេសមួយចំនួននៅក្នុងតំបន់ បាននិងកំពុងព្រួយបារម្ភជាខ្លាំងថា ក្រុម ISIS នឹងបង្កើតបណ្ដាញរបស់ខ្លួនជាថ្មី នៅឯជំរុំជនភៀសខ្លួន រ៉ុកបាណេ (Rokbane) ស្ថិតនៅក្នុងតំបន់​គ្រប់គ្រងដោយ​សហរដ្ឋអាមេរិក នៅឯភាគខាង​ត្បូង​ប្រទេសស៊ីរី និងជាទីដែល​គ្រួសារក្រុម​សកម្មប្រយុទ្ធ ISIS កំពុង​រស់នៅ៕