(នីហ្សេរីយ៉ា)៖ នៅទ្វីបអាហ្វ្រិក ប្រទេសនីហ្សេរីយ៉ា មានប្រជាជនច្រើនជាងគេបំផុត បើធៀបនឹងប្រទេសឯទៀតក្នុងទ្វីបនេះ។ ក្នុង១ឆ្នាំ នីហ្សេរីយ៉ា ត្រូវការស្រូវ៦លានតោនសម្រាប់បរិភោគ។ ក្នុងនោះមាន៣លានតោន ជាស្រូវនាំចូល។ អ្នកជំនាញផ្នែកកសិកម្មជនជាតិចិន កំពុងព្យាយាមស្វែងរកវិធីផ្លាស់ប្តូរស្ថានភាពនេះឱ្យប្រសើរឡើង តាមរយៈការបង្កើនទិន្នផលស្រូវ ដែលផលិតនៅនីហ្សេរីយ៉ា។

ស្រូវ គឺជាគ្រាប់ធញ្ញជាតិដ៏សំខាន់បំផុតមួយ សម្រាប់នីហ្សេរីយ៉ា។ តែអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលការផលិតស្រូវនៅទីនេះ មិនដែលអាចបំពេញឱ្យគ្រប់តាមតម្រូវការ របស់ប្រជាជននោះទេ។ តែសព្វថ្ងៃ អ្នកជំនាញកសិកម្មជនជាតិចិន នៅនីហ្សេរីយ៉ា បានបង្កើតពូជស្រូវប្រភេទថ្មីមួយ ដែលអាចធានាថា នីហ្សេរីយ៉ានឹងអាចបង្កើនទិន្នផលស្រូវបាន។

លោក ស៊ូ យ័នហ្វាង គឺជាអ្នកជំនាញកសិកម្មជនជាតិចិន។ លោកបានធ្វើការនៅនីហ្សេរីយ៉ាអស់រយៈពេល១៥ឆ្នាំមកហើយ។ ស្រូវមួយប្រភេទ ដែលមានឈ្មោះថា «កាវ៉ាល់ ឬ GAWAL» មានទិន្នផលខ្ពស់ជាងយ៉ាងហោចណាស់ក៏២០ភាគរយដែរ បើធៀបនឹងពូជស្រូវធម្មតា ដែលដាំនៅនីហ្សេរីយ៉ា។

លោក ស៊ូ យ័នហ្វាង អ្នកជំនាញកសិកម្មជនជាតិចិន និយាយថា «យើងបានចាប់ផ្តើមធ្វើពិសោធន៍កាលពីឆ្នាំ២០០៨ ដោយប្រើស្រូវបីបួនរយពូជខុសៗគ្នា ទាំងពូជស្រូវដែលមាននៅទីនេះ និងពូជស្រូវដែលនាំចូលពីបរទេស។ ក្រោយពីធ្វើពិសោធន៍បានប្រាំបីប្រាំបួនឆ្នាំរួចមក ទីបំផុតយើងក៏អាចបណ្តុះពូជស្រូវថ្មីនេះបាន ហើយក៏បានបញ្ចូលវាទៅក្នុងបញ្ជីរបស់គណៈកម្មាធិការគ្រាប់ពូជកសិកម្មជាតិ របស់នីហ្សេរីយ៉ាតែម្តង»

នាអំឡុងរដូវប្រមូលផល លោកស៊ូ និងក្រុមការងារតែងប្រមូលផលស្រូវហើយយកវាទៅ «រោងចក្រគ្រាប់ពូជ» ដើម្បីបណ្តុះគ្រាប់ពូជប្រភេទនេះបន្ថែមទៀត ដែលភាគច្រើនអាចយកទៅលក់ឱ្យកសិករទូទៅនៅនីហ្សេរីយ៉ា។

លោក អូចូ ហ្វីលីព អូលូសេហ្កាន់ អគ្គនាយក គណៈកម្មាធិការគ្រាប់ពូជកសិកម្មជាតិនីហ្សេរីយ៉ា និយាយថា «ស្រូវ កាវ៉ាល់ កំពុងធ្វើបានល្អហើយ។ យើងត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីបន្តគាំទ្រគម្រោងស្រូវកាវ៉ាល់នេះ ដើម្បីធានា ថាវានឹងជួយគាំទ្រដល់កសិកររបស់យើង តាមរយៈការផ្តល់គ្រាប់ពូជស្រូវដែលមានគុណភាពល្អ»

នីហ្សេរីយ៉ា កំពុងអនុវត្តផែនការកំណើនសេដ្ឋកិច្ច និងស្ដារសេដ្ឋកិច្ចជាតិរយៈពេល៣ឆ្នាំ ដែលនឹងបញ្ចប់ទៅនៅឆ្នាំ២០២០។ វិស័យកសិកម្មនិងសន្តិសុខចំនីអាហារ គឺជាចំនុចអាទិភាពកំពូលនៃផែនការនេះ៕ (សារព័ត៌មាន CCTV របស់ចិន)