(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារ FBI​ ជើងចាស់ម្នាក់លោក ភីធឺ ស្តរហ្សូក (Peter Strzok​) ដែលបានឆ្លើយឆ្លងសារ​ប្រឆាំងលោក ដូណាល់ ត្រាំ ជាមួយមិត្តរួមការងារ​ម្នាក់របស់ខ្លួន នៅអំឡុងការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ២០១៦ ត្រូវបានបណ្ដេញ​ចេញពីតំណែងជា​ផ្លូវការហើយ នាថ្ងៃចន្ទដើម​សប្ដាហ៍នេះ។ នេះបើតាមសម្តី​មេធាវីរបស់​លោក ដកស្រង់ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។

លោក Peter Strzok ត្រូវបានក្រុម​តំណាងរាស្ត្របក្ស​សាធារណៈរដ្ឋ ចោទប្រកាន់ថា មានភាពលំអៀង​ប្រឆាំងនឹង​លោក ដូណាល់ ត្រាំ ហើយព្រម​ទាំងមានបំណងរារាំង​មិនឱ្យលោក ត្រាំ ឈ្នះនៅក្នុង​ការបោះឆ្នោត​ផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់​សម្គាល់ ក្រោយការដកតំណែង​លោក Strzok លោកត្រាំផ្ទាល់​បានបង្ហាញពី​ចេតនាចង់ប្រើប្រាស់​សារឆ្លើយឆ្លងនោះ​ ជាភស្ដុតាង​បញ្ជាក់ថា​ការស៊ើប អង្កេតរបស់រដ្ឋ​អាជ្ញាពិសេស​អាមេរិក លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ជុំវិញសំណុំរឿង​រុស្ស៊ីគឺមានភាពលម្អៀង​ប្រឆាំងនឹងរូប​លោក។

គួរបញ្ជាក់ថា លោក Peter Strzok បានចំណាយ​ពេលជាច្រើនខែ​ក្នុងការស៊ើបអង្កេត​លើរុស្ស៊ី និងរឿងអាស្រូវ​បែកធ្លាយសារ​អេឡិចត្រូនិក​របស់លោកស្រី ហ៊ីលឡារី គ្លីនតុន។ ចំណែកឯ​មេធាវីរបស់​លោក Strzok គឺលោក អេតាន់ ហ្គោលមែន (Aitan Goelman) ក៏បានឱ្យដឹង​ដែរថា លោកត្រូវបាន​នាយករង FBI ​លោក ដេវីដ បូវឌីច (David Bowdich) បញ្ជាឱ្យបណ្ដេញ​ចេញពីតំណែង​ កាលពីថ្ងៃសុក្រ​សប្ដាហ៍មុន​មកម្ល៉េះ៕