(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បិនចាមីន ណឺតាន់យ៉ាហ៊ូ បានលួចបំពេញដំណើរទស្សនកិច្ចជាសំងាត់ ទៅកាន់​ប្រទេសអេហ្ស៊ីប​កាលពី​ខែឧសភា​កន្លងទៅ ដើម្បីពិភាក្សាជាមួយប្រធានាធិបតី​អេហ្ស៊ីបលោក អាប់ឌែឡ ហ្វាតតា អាល់ស៊ីស៊ី (Abdel Fattah al-Sisi) ជុំវិញបទឈប់បាញ់​រយៈពេលយូរ​នៅក្នុងតំបន់ហ្កាហ្សា។ នេះបើតាម​ការផ្សាយពីទូរទស្សន៍​អ៊ីស្រាអែល ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia ​នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។

មកទល់នឹង​ពេលនេះ មិនមានការទទួលស្គាល់​សេចក្ដីរាយការណ៍នេះ​នៅឡើយទេ ប៉ុន្តែទូរទស្សន៍អ៊ីស្រាអែល​លេខ ១០ បានឱ្យដឹងថា មេដឹកនាំទាំងពីរ​បានជួបគ្នាកាល​ពី​ថ្ងៃទី២២ ខែឧសភា។ ពោលគឺជំនួប​នេះធ្វើឡើង បន្ទាប់ពីផ្ទុះបាតុកម្មតវ៉ា​របស់ប្រជាជន ប៉ាឡេស្ទីន​កាលពី​ថ្ងៃទី១៤ ខែឧសភា នៅក្នុងតំបន់​ហ្កាហ្សាប្រឆាំងនឹង​ការរើស្ថានទូតអាមេរិក​ទៅកាន់ទីក្រុង​ហ្សេរុយសាឡឹម ដែល បណ្ដាលឱ្យ​ប្រជាជនប៉ាឡេស្ទីន​ច្រើនជាង ១០០នាក់​បាត់បង់​ជីវិត។ ប៉ុន្តែខាងរដ្ឋាភិបាលអេហ្ស៊ីប មិនទាន់ធ្វើការ​អត្ថាធិប្បាយណាមួយ ឆ្លើយតបទៅនឹងការ​អះអាងនេះនៅ​ឡើយទេ។

គួរជម្រាបថា គិតចាប់តាំងពី​ថ្ងៃទី៣០ ខែមីនា ប្រជាជនប៉ាឡេស្ទីន ១៦៩នាក់ ត្រូវបានសម្លាប់​ដោយទាហាន​អ៊ីស្រាអែល ហើយភាគច្រើននាក់​ទំាងនេះស្លាប់នៅក្នុង​ការធ្វើបាតុកម្ម​តវ៉ា៕