(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានចុះ​ហត្ថលេខា​​ហើយលើសេចក្ដីព្រាងច្បាប់​ស្ដីពីកញ្ចប់​ថវិកាយោធា ៧១៦ពាន់លានដុល្លារ ដែលនឹងត្រូវប្រើប្រាស់​ក្នុងការចំណាយ​លើវិស័យយោធា និងរួមបញ្ចូលទាំង​ការត្រួតពិនិត្យឡើង​វិញ លើកិច្ចសន្យានាពេលកន្លងមក​រវាងរដ្ឋាភិបាល​អាមេរិក ជាមួយ​ក្រុមហ៊ុន​ចិន ZTE និង​ក្រុមហ៊ុន Huawei។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។

សេចក្ដីព្រាងច្បាប់​ខាងលើដែលបានក្លាយ​ជាច្បាប់ តាមរយៈការចុះហត្ថលេខា​របស់លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ​សប្ដាហ៍នេះ (ម៉ោងនៅ​សហរដ្ឋអាមេរិក) ត្រូវបានក្រុមអ្នក​តំណាងរាស្ត្រអាមេរិក​មួយចំនួនចង់ប្រើប្រាស់​វា​ ដើម្បីដាក់ទណ្ឌកម្មលើ​ក្រុមហ៊ុន ZTE ជាការពិន័យ​ដោយចោទថា ក្រុមហ៊ុនចិនមួយនេះ​បានលួចលាក់លក់​ផលិតផលរបស់ខ្លួន​ដោយខុសច្បាប់​ ឱ្យកូរ៉េខាងជើង និង​អ៊ីរ៉ង់។

ម្យ៉ាងវិញទៀត សូម្បីតែមេដឹកនាំទីភ្នាក់ងារ​ស៊ើបការសំងាត់អាមេរិក ក៏បាន​អះអាងដែរថា ពួកគេមានការព្រួយ​បារម្ភជាខ្លាំងខ្លាចក្រែង​ក្រុមហ៊ុន ZTE និង​ក្រុមហ៊ុន Huawei ក៏ដូចជាក្រុមហ៊ុនចិន​មួយចំនួនទៀត លួច​ស៊ើបការណ៍ ឬផ្ដល់ព័ត៌មានសំងាត់​ទាក់ទិននឹង​បច្ចេកវិទ្យាអាមេរិក ឱ្យរដ្ឋាភិបាល និងគណបក្ស​កុម្មុយនីស្ដទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា យោងតាមច្បាប់​ស្ដីពីកញ្ចប់ថវិកា​យោធា ឬគេ​ស្គាល់ថា NDAA ក៏នឹងអនុញាត​ឱ្យក្រសួងការពារជាតិ​អាមេរិក​ចំណាយ​ប្រាក់ ៧.៦ពាន់លានដុល្លារ ដើម្បីទិញ​យន្ដហោះ​ចម្បាំង F-35 ចំនួន ៧៧គ្រឿងពីក្រុមហ៊ុន Lockheed Martin។ មិនតែណ្ណោះ​ច្បាប់នេះ ក៏តម្រូវឱ្យរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​សិក្សាផងដែរថា តើការទិញប្រព័ន្ធ​មីស៊ីលការពារ​ដែនអាកាស S-400 របស់រុស្ស៊ីពីសំណាក់ប្រទេស​តួកគី អាចនឹងផ្ដល់ផល​ប៉ះពាល់ដល់​សន្តិសុខជាតិ អាមេរិកដែរ ឬក៏យ៉ាងណា៕