(សេអ៊ូល)៖ ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន ០៣ បាននាំចូលធ្យូថ្ម​ពីប្រទេសកូរ៉េខាងជើង​ ដោយក្លែងបន្លំថា​ជាផលិតផល​របស់រុស្ស៊ី ហើយដែលនេះ​​គឺជាទង្វើរំលោភលើ​ដំណោះស្រាយ​ នៃអង្គការសហប្រជាជាតិ (UN)។ នេះបើតាមមន្ត្រី​ពន្ធគយកូរ៉េខាងត្បូង ដកស្រង់ដោយ​ទីភ្នាក់ងារសារ​ព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។

មន្ត្រីពន្ធគយ​កូរ៉េខាងត្បូង​បានឱ្យដឹង​ទៀតថា ទីក្រុងសេអ៊ូល កំពុងត្រួតពិនិត្យ​លើករណី​ចំនួន ០៩ ដែលមាន​ពាក់ព័ន្ធនឹង​ការនាំចូល ធ្យូងថ្មពី​កូរ៉េខាងជើង ដោយរំលោភ​លើទណ្ឌកម្មរបស់​ក្រុមប្រឹក្សាសន្តិសុខ​ នៃអង្គការសហប្រជាជាតិ។ ទណ្ឌកម្មនេះត្រូវ​បានអនុម័ត​ឡើងកាលពី​ខែសីហា ឆ្នាំ២០១៧ ក្នុងគោលបំណង​ទប់ស្កាត់ប្រាក់ចំណូល​របស់របបដឹកនាំ​ទីក្រុងព្យុងយ៉ាង កុំឱ្យយក​ទៅប្រើប្រាស់​ដើម្បីអភិវឌ្ឍន៍​កម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា អាជ្ញាធរពន្ធគយ​កូរ៉េខាងត្បូង មិនបានបញ្ជាក់​ពីអត្តសញ្ញាណក្រុមហ៊ុនទាំង​បីខាងលើនោះទេ ប៉ុន្តែបានបញ្ជាក់ថា ធ្យូងថ្មកូរ៉េខាងជើង ៣៥,០០០តោន ត្រូវបានដឹកមក​កាន់កូរ៉េខាងត្បូង​នៅចន្លោះពីខែមេសា ដល់ខែតុលា ឆ្នាំ២០១៧។ ធ្យូងថ្ម ទាំងនេះមាន​តម្លៃសរុបជាង ៥.៨លានដុល្លារ៕