(អាមេរិក)៖ ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ និងប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង ត្រូវគេមើល​ឃើញថា នឹងមិនចុះញម​​ដូច​គ្នា​​​ជុំវិញរឿងសង្រ្គាម​ពាណិជ្ជកម្ម នាពេលឆាប់​ខាងមុខឡើយ ដោយវាអាចនឹងអូស​បន្លាយរហូតដល់រាប់ឆ្នាំ មិនមែនរាប់​ខែដូចការស្មានរបស់អ្នកវិភាគមួយចំនួននោះឡើយ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។

​តាមរយៈការតាមដាន​ព័ត៌មាន ស្តីពីកិច្ចចរចា​​ពាណិជ្ជកម្ម​អាមេរិក-ចិន យើងប្រហែល​ជាអាចសន្និដ្ឋានថា ការព្រមព្រៀង​​សម្រុះសម្រួល​គ្នា​នឹងកើតមាន​ឡើង​ក្នុងរយៈពេលតែ​ប៉ុន្មានខែខាងមុខ​ប៉ុណ្ណោះ។ យ៉ាង​ណាមិញ​លោក ត្រាំ និង​លោក ស៊ី ត្រូវក្រុមអ្នកជំនាញ​​មើល​ឃើញថា នឹងទទួលបាន​អត្ថប្រយោជន៍​​ផ្នែកនយោបាយ​រៀងៗខ្លួន ប្រសិនកិច្ចចរចា​ពាណិជ្ជកម្ម ត្រូវពន្យាពេលរហូត​ដល់ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

គួរជម្រាបថា សង្រ្គាមពាណិជ្ជកម្ម ត្រាំ-ស៊ី អាចផ្តល់រនាំង​ការពារ​សម្រាប់ឲ្យ​​ទីក្រុងប៉េកាំង ​ធ្វើការអនុវត្តនូវ​​គម្រោងកំណែទម្រង់​ទ្រង់​ទ្រាយ​ធំ​​របស់​ខ្លួន ហើយពេលដែល​សេដ្ឋកិច្ចចិន​ជួបនឹងបញ្ហា​ប្រឈម​ រដ្ឋាភិបាលចិន​និង​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នឹងទម្លាក់​​កំហុស​ទៅ​លើ លោក ដូណាល់ ត្រាំ ឯណោះវិញ។

សម្រាប់​ផលចំណេញ​នយោបាយ​សម្រាប់​លោក ត្រាំ វិញ ដរាប​ណាលោក ស៊ី នៅ​តែ​មិន​បង្ហាញ​សញ្ញា​​ចុះញមនោះ លោកប្រធានាធិបតី​អាមេរិករូបនេះ នឹងត្រូវ​ប្រជាជន​​មើលឃើញ​រូបនោះ​ប្រៀបដូចជា​វីរៈបុរសមួយរូប ដែលកំពុង​តតាំង​ជាមួយនឹង​ចិន​យ៉ាងដូច្នោះដែរ។ យ៉ាងណា​ក៏ដោយ អ្នកដែលរងផល​ប៉ះពាល់ពិតប្រាកដ គឺជាអ្នកធ្វើ​ពាណិជ្ជកម្ម និងប្រជាជន​រវាងប្រទេស​មហាអំណាច​ទាំងពីរ៕