(ប៉េកាំង)៖ ការដាក់ទណ្ឌកម្មឯកតោ​ភាគីឡើងវិញ របស់​សហរដ្ឋអាមេរិក​ប្រឆាំងអ៊ីរ៉ង់ ធ្វើឡើងដោយមិនស្រប​ទៅនឹងច្បាប់​អន្តរជាតិ និងការធ្វើពាណិជ្ជកម្ម​យុត្តិធម៌ទាល់តែសោះ ហើយបើទោះជា​មាន​ការគំរាមដាក់ទណ្ឌកម្ម​ក៏ដោយ ក៏ទីក្រុងប៉េកាំង​នៅតែរក្សាសិទ្ធិ​របស់ខ្លួន ក្នុងការធ្វើ​ពាណិជ្ជកម្ម​ជាមួយអ៊ីរ៉ង់​ដដែល។ នេះគឺជាការគូសបញ្ជាក់​របស់ក្រសួងការបរទេស​ចិន ដកស្រង់​ដោយសារព័ត៌មាន Russian Today នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨។

ប្រតិកម្មរបស់​ក្រសួងការបរទេស​ចិន កើតមានឡើងបន្ទាប់ពី​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានជា​សាធារណៈថា នឹងដាក់ទណ្ឌកម្ម​លើប្រទេស ឬបណ្ដាក្រុមហ៊ុន​ទាំងឡាយណា​ ដែលហ៊ានធ្វើពាណិជ្ជកម្មជាមួយ​អ៊ីរ៉ង់ ក្រោយទណ្ឌកម្ម​អាមេរិក ចូលជាធរមាន​កាលពីថ្ងៃអង្គារ​កន្លងទៅ។
ក្រសួង​ការបរទេស​ចិន បានលើកឡើងនៅក្នុង​សេចក្ដីថ្លែងការណ៍របស់ខ្លួន​ ចេញផ្សាយ នៅថ្ងៃពុធ​សប្ដាហ៍នេះយ៉ាងដូច្នេះថា «ពាណិជ្ជកម្ម​រវាងចិន និង​អ៊ីរ៉ង់ ធ្វើឡើងដោយ​បើកចំហប្រកបដោយ តម្លាភាព យុត្តិធម៌ និងស្របច្បាប់ ដោយមិន​បានរំលោភលើ​ដំណោះស្រាយ​ក្រុមប្រឹក្សា​សន្តិសុខ UN នោះទេ... ដូច្នេះចិនមាន​សិទ្ធិស្របច្បាប់​ក្នុងការ​ជ្រើសរើស​ដៃគូ និងបន្ត​ធ្វើពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់»

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្ម​ឡើងវិញរបស់​សហរដ្ឋអាមេរិក ធ្វើឡើងក្រោយ​ទីក្រុងវ៉ាស៊ីនតោន ប្រកាសដកខ្លួនចេញ​ពីកិច្ចព្រម ព្រៀងនុយក្លេអ៊ែរ​អ៊ីរ៉ង់ឆ្នាំ២០១៥។ ប៉ុន្តែ​ចិន និងបណ្ដាប្រទេស​ដែលជាម្ចាស់ហត្ថលេខី​នៃកិច្ចព្រមព្រៀងនេះ ដូចជា​អាល្លឺម៉ង់ អង់គ្លេស បារាំង និងរុស្ស៊ី សុទ្ធតែចាត់ទុក​ថា ការដកខ្លួនរបស់វ៉ាស៊ីនតោន​គឺជារឿងខុសច្បាប់ ហើយ​ក្រៅតែពីចិន សហភាពអឺរ៉ុប​ក៏កំពុងចាត់វិធានការ​ដើម្បីការពារ​ក្រុមហ៊ុនអឺរ៉ុប នៅក្នុងប្រទេស​អ៊ីរ៉ង់​ផងដែរ៕