(វ៉ាស៊ីនតោន)៖ ខណៈបញ្ហាវិវាទ​កំពុងផ្ទុះឡើងយ៉ាង​ក្តៅគគុករវាងវ៉ាស៊ីនតោន និងតេហេរ៉ង់ ​អតីតមន្រ្តីយោធា​និងជាអ្នកវិភាគខាងប្រឆាំង​​អំពើភេវកម្មម្នាក់​របស់សហរដ្ឋអាមេរិក បានបង្ហាញការ​យល់ឃើញថា រឿងនេះគឺដោយសារ​តែ​​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ មានទីប្រឹក្សា​មិនល្អ​ដែលស្រេកឃ្លាន​តែ​សង្រ្គាម។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨។

ជុំវិញបញ្ហាវិវាទ​នៃប្រទេសទាំងពីរ​អ្នកវិភាគខាង​លើ គឺលោក ស្កុត ប៊ែនណេត (Scott Bennett) បានលើកឡើងថា ការដែលលោក ត្រាំ បានចោទ​ប្រកាន់​​អ៊ីរ៉ង់អំពីទង្វើ​ទុច្ចរិត និងលួច​ផ្តល់ហិរញ្ញប្បទាន​ឲ្យ​ក្រុមភេរវករ​នោះ គឺមកពីការញុះញង់បញ្ចុះបញ្ចូល​ពីសម្ព័ន្ធមិត្ត​​នៅមជ្ឈិមបូព៌ា ដូចជា​​​​អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល ក៏ដូចជាពីមន្រ្តី​នៅទីក្រុងវ៉ាស៊ីនតោន​ផ្ទាល់ ដែលតែង​ស្រេកឃ្លានចង់​បាន​សង្រ្គាម។

លោក Bennett បានបន្តថា ពួកគេទាំងនោះ​តែងតែបានព្យាយាម​​លាបពណ៌អ៊ីរ៉ង់​ថា ជាប្រភពនៃអស្ថិរភាព ​​និងចង់គ្រប់គ្រង​កាន់​​កាប់​​​តំបន់មជ្ឈិមបូព៌ា​ទាំងមូល ខណៈការពិត​វាទំនងជាអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត​ទៅវិញទេ ដែលមាន​មហិច្ឆតានេះ។

ដោយឡែក​ដោយសារទើបតែឡើង​កាន់អំណាច​ថ្មីថ្មោង លោក ដូណាល់ ត្រាំ ត្រូវគេខ្សឹប​ដាក់ត្រចៀកថា ​អ៊ីរ៉ង់ជា​អ្នកបង្ក​អស្ថិរភាព និងថា​អ៊ីរ៉ង់ជា​អ្នក​នៅពីក្រោយ​ក្រុមភេរវករ ISIS ហើយលួចផ្តល់​ហិរញ្ញប្បទាន​គាំទ្រ​សង្រ្គាម នៅស៊ីរីនិង​តំបន់ផ្សេងៗទៀត។ បើតាមអ្នកវិភាគ​រូបនេះ​ដដែល ធាតុពិតជាក់ស្តែង អ៊ីរ៉ង់បាន​និងកំពុងតែ​​ប្រឆាំងនឹង​ ISIS អាល់កៃដា និង​​ក្រុមភេរវករ ដែលកំពុងរីក​សាយភាពនៅក្នុង​អឺរ៉ុប​ទៅ​វិញ​នោះទេ។

គួរជម្រាបថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ព្រមានដល់​អន្តរជាតិ ឲ្យជ្រើសរើស​យកជម្រើសមួយ​រវាង​សហរដ្ឋ​អាមេរិក និង​​អ៊ីរ៉ង់។ លោក ត្រាំ បាននិយាយថា នរណាម្នាក់ដែល​ធ្វើរកស៊ីជាមួយ​អ៊ីរ៉ង់ និងមិនអាចរកស៊ី​ជាមួយអាមេរិក​បានឡើយ។ ​​ជាមួយគ្នានេះដែរ ទីក្រុងវ៉ាស៊ីនតោន ទើបតែបានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ឡើងវិញ ទៅលើទីក្រុងតេហេរ៉ង់​តែប៉ុណ្ណោះ បន្ទាប់ពី​បានដក​ខ្លួនចេញពី​​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ ស្របពេលដែល​គណៈកម្មាធិការ​អឺរ៉ុប​បានបញ្ជាក់ថា នឹងរាំងខ្ទប់ទណ្ឌកម្ម​​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់៕