(សេអ៊ូល)៖ កូរ៉េខាងជើង​បានចោទប្រកាន់​កូរ៉េខាងត្បូង​នៅថ្ងៃពុធនេះថា កំពុងស្វែងរក​ការប្រឈមមុខ​ដាក់គ្នាជាថ្មី និងបំផ្លាញ​បរិយាកាស​សន្តិភាពបច្ចុប្បន្ននៅលើ​ឧបទ្វីបកូរ៉េ ដោយសំអាង​លើជំនួបយោធា​នាពេលថ្មីៗនេះ​ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង សេអ៊ូល។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។

សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង Rodong Sinmun បានចាត់ទុកថា ជំនួបយោធា​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក រួមទាំងផែន ការកំណែទម្រង់​យោធាកូរ៉េខាងត្បូង គឺជាចេតនាបង្កឱ្យមាន​ការប្រឈមមុខ​ដាក់គ្នាឡើងវិញ។ Rodong Sinmun បានលើក​ឡើងនៅក្នុងបទ​អត្ថាប្បាយរបស់​ខ្លួនយ៉ាងដូច្នេះថា «វាគឺជាការបង្ករឿង​ដាក់បងប្អូន​ខ្លួនឯង (កូរ៉េខាងជើង) ដែលកំពុងបង្កើន​កិច្ចខិតខំប្រឹង ប្រែងដើម្បី​សន្តិភាព និងបន្ធូរបន្ថយ​ភាពតានតឹងនៅលើឧបទ្វីប​កូរ៉េ អនុឡោមតាម​សេចក្ដីថ្លែងការណ៍​រួម Panmunjom... ដូច្នេះ​រាល់ការ​បំផ្លាញ ឬគំរាមកំហែ​ដល់សន្តិភាព នឹងមិនត្រួវអត់​ឱនឱ្យជាដាច់​ខាត»

គួរជម្រាបថា នៅក្នុងជំនួប​យោធាលើកទី១៤ កាលពីចុង​ខែកក្កដាកន្លងទៅ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​បានព្រមព្រៀង​គ្នាថា នឹងបន្តក៏ដូចជា​ពង្រឹងការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​កូរ៉េខាងជើង រហូតដល់​ទីក្រុងព្យុងយ៉ាង​ចាត់វិធានការ​ជាក់លាក់គួរ​ឱ្យទុកចិត្ត ក្នុងការលុប​បំបាត់អាវុធ​នុយក្លេអ៊ែរ៕