(ប៉េកាំង)៖ ចំពោះការអះអាង​របស់អាមេរិក​នាពេលថ្មីៗនេះដែល​ថា ខ្លួនគ្រោង​នឹងដំឡើង​អត្រា​ពន្ធគយ​ពី​ចំនួន ១០% ឲ្យកើនដល់​ទៅចំនួន ២៥% ទៅលើផលិតផល​ដែលនាំចូលពី​ប្រទេសចិន ដែលមានទឹក​ប្រាក់ប្រហែល ២សែន​លានដុល្លាអាមេរិក (២០០ពាន់លានដុល្លារ) នៅយប់ថ្ងៃទី០៣ ខែសីហា គណៈកម្មាធិការពន្ធគយ ​នៃក្រុមប្រឹក្សាកិច្ចការ​រដ្ឋចិន​បានសម្រេចចិត្តថា នឹងបន្ថែមការយកពន្ធ​ទៅលើ​ផលិតផល​នាំចូល​ពីអាមេរិក ដែលមានទឹក​ប្រាក់ប្រហែល ៦០ពាន់​លាន​ដុល្លារអាមេរិក តាមអត្រាពន្ធខុសៗ​គ្នា​ចំនួន ០៤កម្រិត​ជាក់ស្តែងគឺ ២៥% ២០%, ១០% និង ៥% ហើយកាលបរិច្ឆេទ​នៃការអនុវត្តវិធានការ​ការប្រមូលពន្ធ នឹងត្រូវអនុវត្តន៍​ទៅតាមសកម្មភាព​របស់​សហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួង​ពាណិជ្ជកម្មចិន​បានប្រកាសថា វិធានការឆ្លើយ​តបនៃអត្រាពន្ធ​ ដែលមានកម្រិតខុសគ្នា​របស់ភាគីចិន គឺអនុម័ត​ដោយ​សមហេតុផល និងមាន​ការអត់ធ្មត់ ប្រទេសចិន​នឹងរក្សាសិទ្ធិ ក្នុងការ​បន្តដាក់វិធានការ​ឆ្លើយតបផ្សេងៗ​ទៀត តាមសកម្មភាព​របស់​សហរដ្ឋអាមេរិក។

ការដែលប្រទេស​ចិនចាត់វិធានការឆ្លើយតប​ គឺដោយសារត្រូវ​បានគេបង្ខំ។ សកម្មភាព​បង្កើនភាពតានតឹង ​ម្តងហើយម្តង​ទៀត​របស់អាមេរិក ធ្វើឲ្យអន្តរាយ​ដល់ផលប្រយោជន៍​របស់ប្រទេសចិន​ និងប្រជាជន​ចិន យោងតាម​គោលការណ៍ជាមូលដ្ឋាន​នៃច្បាប់អន្តរជាតិ ប្រទេសចិន​ត្រូវបានបង្ខំឲ្យ​ចាត់វិធានការ​ឆ្លើយតប ដើម្បីទទួលខុស​ត្រូវចំពោះប្រជាពលរដ្ឋ និងដើម្បីគាំពារពាណិជ្ជកម្ម​សេរី គាំពារយន្តការពហុភាគី ក៏ដូចជាគាំពារ​ផលប្រយោជន៍រួម​ នៃបណ្តាប្រទេស​ទូទាំង​ពិភពលោក។

* ទីមួយ៖ ភាគីចិនមិនចង់​ប្រកួតនឹងឥរិយាបថ​ មិនសមហេតុផល​របស់ភាគីអាមេរិក​ទេ។ ក្នុងភ្នែករបស់​រដ្ឋាភិបាលលោក ត្រាំ មានតែសំឡេង​ឆ្នោតប៉ុណ្ណោះ ដូច្នេះ​លោកសុខចិត្ត​ធ្វើឲ្យពិភពលោក​ទាំងមូល និងប្រទេស​ផ្ទាល់ខ្លួនឈឺចាប់​។ ផ្ទុយទៅវិញ រដ្ឋាភិបាលចិន​ប្រកាន់ខ្ជាប់នូវការ​ចាត់ទុក ​សុខុមាលភាពរបស់​ប្រជាជន​ជាស្នូល, ស្តាប់មតិ​យោបល់យ៉ាង​ទូលំទូលាយ និងធ្វើការវាយតម្លៃផលប៉ះពាល់​ដោយប្រុងប្រយ័ត្ន ដូច្នេះទើបបានជាចិន​អនុវត្តន៍វិធានការឆ្លើយតប ដ៏សមហេតុផល និងដោយភាពអត់ធ្មត់ ដែលកំណត់​អត្រាពន្ធជា ០៤កម្រិត ដូចខាងលើនេះ។

* ទីពីរ៖ ភាគីចិនបន្ថែម​យកពន្ធគយ​ខុសគ្នា​ ទៅលើផលិតផល​អាមេរិកដែលមាន​ទឹកប្រាក់ ៦០ពាន់លានដុល្លារ​អាមេរិក គឺក្នុងគោល​បំណងកាត់បន្ថយផល​ប៉ះពាល់ ចំពោះសហគ្រាស​ចិន និងជីវភាព​ប្រជាជនចិន ព្រមទាំងបានបង្ហាញពីភាព​បត់បែននៃវិធានការឆ្លើយ​តប ។ មិនថា​ភាគីអាមេរិកធ្វើ​ទង្វើយ៉ាងណា​ក៏ដោយ ភាគីចិនសុទ្ធ​តែបានត្រៀមយ៉ាង​ពេញលេញរួច​ហើយ ។

ប្រទេសចិន​មានទីផ្សារក្នុងស្រុក​ដ៏ធំមួយ មានប្រៀបខាង​របបដែលប្រមូលកម្លាំង​បំពេញកិច្ចការធំ និងមានយុទ្ធសាស្ត្រ​បើកទូលាយ​ ចំពោះកិច្ចការ​ក្រៅប្រទេស​យ៉ាងម៉ឺងម៉ាត់​​ និងមិនងាករេ…។ល។ លក្ខណៈ​ពិសេស​ទាំងនេះ ធ្វើឲ្យប្រទេស​ចិនមានសមត្ថភាព​ តទល់នឹងការវាយ​ពីខាងក្រៅ​ទាំងអស់។ ផ្ទុយទៅវិញ ផលប៉ះពាល់​អវិជ្ជមាននៃនយោបាយ​ការពារពាណិជ្ជកម្ម​ឯកតោភាគី​របស់រដ្ឋាភិបាល​លោក ត្រាំ កំពុងលេចចេញ​ជាបន្តបន្ទាប់ ហើយបានធ្វើ​ឲ្យមានសំឡេង​ប្រឆាំងកាន់តែ​លាន់ឮ ។

ម្ខាងគឺ​ភាគីអាមេរិក ដែលមិនខ្វល់​ពីផលប្រយោជន៍​ប្រជាជន និងសហគ្រាស បោកបញ្ឆោត​ជ្រុល និងតំឡើងថ្នាក់​សង្គ្រាមពាណិជ្ជកម្ម​ឥតឈប់ឈរ​ ដោយគិតតែ​ផលប្រយោជន៍​ខ្លួន​ឯង ។ ម្ខាងទៀត​គឺភាគីចិន​ ដែលពិតមែនតែត្រៀមរួចជាស្រេច​ហើយ តែដើម្បីកាត់បន្ថយ​ឥទ្ធិពលលើប្រជាជន​ និងសហគ្រាស​ក្នុងកម្រិត​ធំបំផុត បានរក្សាភាព​សមហេតុផល និងការអត់ធ្មត់​ប្រកាន់ខ្ជាប់ការពិគ្រោះពិភាក្សា ដើម្បីដោះស្រាយវិវាទ​ពាណិជ្ជកម្ម​លើមូលដ្ឋាន​ប្រកបដោយគោលការណ៍ ដែលគោរពគ្នា ស្មើភាពគ្នា និងមានផលប្រយោជន៍​ដល់គ្នាទៅវិញ​ទៅមក ។

សរុបសេចក្តីមក តួអង្គសេដ្ឋកិច្ចធំ​បំផុតទាំងពីរនេះ តើមួយណា​ធ្វើឲ្យមាន​លំនឹង​សេដ្ឋកិច្ច​ពិភពលោក ហើយមួយ​ណា​ជាអ្នកធ្វើ​ឲ្យសេដ្ឋកិច្ច​ពិភពលោក​មានភាព​​ច្របូក​​ច្របល់? ចម្លើយគឺច្បាស់លាស់​​ហើយ តាមរយៈការ​បកស្រាយប្រកប​ដោយហេតុផល​ជាក់ស្តែង និងមានភស្តុតាង​គ្រប់ជ្រុងជ្រោយ​ដូចខាង​លើនេះ៕