(សេអ៊ូល)៖ កូរ៉េខាងជើងបានដោះលែង​ជនជាតិកូរ៉េខាងត្បូង​ម្នាក់​ ឱ្យមានសេរីភាព​ឡើងវិញ តាមរយៈការ​បញ្ជូនរូបគេ​ឱ្យអាជ្ញាធរ​ទីក្រុងសេអ៊ូលវិញ នៅ​ថ្ងៃអង្គារនេះ តាមរយៈតំបន់ព្រំដែន​គ្មានយោធានៃភូមិ ផាន់មុនចុម (Panmunjom) រវាងកូរ៉េទាំងពីរ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។

ក្រសួងបង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង​បានបញ្ជាក់​ថា បុរសជាជនជាតិ​កូរ៉េខាងត្បូងខាង​លើមាននាម​ត្រកូល ស៊ូ (Suh) អាយុ ៣៤ឆ្នាំ បានត្រឡប់ពី​កូរ៉េខាងជើង​មកកាន់​កូរ៉េខាងត្បូងវិញ នៅម៉ោងប្រមាណ ១១៖០០នាទីព្រឹក (ម៉ោងក្នុងតំបន់) បន្ទាប់ពីត្រូវបាន​អាជ្ញាធរកូរ៉េខាង ជើងចាប់​ឃុំខ្លួន​កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅដោយ​ចោទថា បានឆ្លងចូល​ទឹកដីកូរ៉េខាងជើង​ដោយ​ខុសច្បាប់។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ​ពលរដ្ឋកូរ៉េខាងត្បូង ០៦នាក់ ទៀតត្រូវបានគេជឿថា នៅតែបន្តជាប់ឃុំ​នៅ​កូរ៉េខាងជើង ក្នុង​នោះរួមមាន​លោក គីម ជុងវូក (Kim Jung-wook) ត្រូវបានចាប់ខ្លួន​កាលខែតុលា ឆ្នាំ២០១៣ និងលោក គី គូកគី (Kim Kook-kie) រួមទាំងលោក ឆយ ជុនគីស (Choi Chun-kil) ត្រូវបានចាប់​ខ្លួនកាលពី​ឆ្នាំ២០១៤៕