(ប៉េកាំង)៖ ការិយាល័យ​តំណាងពាណិជ្ជកម្ម​អាមេរិកបានប្រកាសថា នឹងពិចារណាពីការ​កំណត់ពន្ធរហូតដល់ ២៥ភាគរយ លើទំនិញនាំចូល​ពីរបស់ប្រទេសចិន ដែលមានតម្លៃ​ជាប្រាក់ស្មើនឹង ២០០ពាន់លានដុល្លារ ដោយកាល​ពីមុនត្រឹមតែ ១០ភាគរយតែប៉ុណ្ណោះ។ ជាការឆ្លើយតប​អ្នកនាំពាក្យរបស់ក្រសួង​ពាណិជ្ជកម្មចិន បាននិយាយថា សហរដ្ឋអាមេរិក​កំពុងប្រើប្រាស់យុទ្ធសាស្ត្រ​មុខពីរចំពោះ​ប្រទេស​ចិន។ 

ទីមួយ​គឺអាមេរិកចង់គំរាម​កំហែង​ចិន ដោយការដំឡើងពន្ធលើទំនិញ ចំណែកឯទីពីរ គឺអាមេរិកកំពុង​ព្យាយាមអូសទាញ​ចិន ឲ្យផ្ដើមកិច្ចចរចា​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម ដោយការប្រើប្រាស់​ការគំរាមកំហែង​នេះ។ ចំណុចនេះធ្វើ​ឱ្យយើងជឿថា សិល្បៈក្នុងការដោះស្រាយ​វិបត្តិរបស់លោក​ប្រធានាធិបតី ដូណាល់ ត្រាំ គឺប្រើប្រាស់ «អំណាច» ដើម្បីសម្រេច​បានកិច្ច​ព្រមព្រៀង។ យើងចាំបានថា នៅក្នុងសៀវភៅ​របស់លោក ដូណាល់ ត្រាំ ដែលនិពន្ធ​ឡើងក្នុង​ឆ្នាំ១៩៨៧ មានចំណង​ជើងថា «The Art of the Deal» ហើយខ្លឹមសារក្នុងសៀវភៅនេះ បានសង្កត់ធ្ងន់​លើសារៈសំខាន់នៃ «ឥទ្ធិពល» ដោយលោកគូសបញ្ជាក់យ៉ាង​ច្បាស់ថា «កុំធ្វើកិច្ចចរចា​ដោយគ្មានឥទ្ធិពល​ឲ្យសោះ»។

ជាការពិតការអនុវត្ដ​គោលនយោបាយ​ពន្ធគយ​ពាណិជ្ជកម្ម ដើម្បីបង្កើនឥទ្ធិពល​របស់ខ្លួន គឺពិតជាមាន​ប្រជាប្រិយភាព​ជាខ្លាំង នៅក្នុងការចរចាពាណិជ្ជកម្ម ប៉ុន្តែមិនមែន​មានន័យថា វាសុទ្ធតែមាន​ប្រសិទ្ធភាព​គ្រប់ស្ថានភាពនោះទេ ដោយយោង​លើហេតុផលបី​ខាងក្រោម៖
ទីមួយ នៅពេលដែល​អាមេរិកព្យាយាម​ប្រើឥទ្ធិពល ដើម្បីជំរុញឱ្យ​សម្រេចឱ្យបាននូវ​កិច្ចព្រមព្រៀង នោះ​អាមេរិកត្រូវធ្វើ​ឱ្យចិនជឿ​ជាក់ថា តុចរចាត្រូវ​បានត្រៀមរង់ចាំ​ជាស្រេច។ អាមេរិកត្រូវ​បង្ហាញពីគោលដៅនៃ​កិច្ចចរចារ និងអ្វីដែលអាមេរិក​ពិតជាចង់បាន។

នៅក្នុងសេចក្តីថ្លែងការណ៍ ដំណាងពាណិជ្ចកម្ម​អាមេរិក លោក Robert Lighthizer បាននិយាយថា ការបង្កើនពន្ធ​លើទំនិញដើម្បីដាក់សម្ពាធ​ដល់រដ្ឋាភិបាល​ក្រុងប៉េកាំង ឱ្យធ្វើកំណែទម្រង់​សេដ្ឋកិច្ច និងគោលនយោបាយ​របស់ខ្លួន។ ប្រសិនបើប្រទេស​ចិនយល់ស្រប​ ដើម្បីធ្វើកំណែ​ទម្រង់គោល​នយោបាយ​របស់ខ្លួន យើងពិតជា​អាចវិលត្រឡប់​ទៅរកតុវិញ​បានទេមែនទេ? តែការពិតទៅ​ប្រទេសចិន បានយល់ព្រមត្រឡប់ទៅតុវិញគ្រប់ពេល​ដោយមិនចាំបាច់ទាល់តែ​អាមេរិកបង្កើន​ឥទ្ធិពល​ តាមរយៈការ​ដំឡើងពន្ធដារនោះទេ។

ទីពីរ ដើម្បីសម្រេច​បាននូវគោលដៅ​នៃការចរចា លុះត្រាតែមានការ​ធ្វើទំនាក់ទំនង និងបង្កើតសមភាព​រវាងដៃគូរចរចា។ នៅពេលដែល​សហរដ្ឋអាមេរិក ព្យាយាមបង្កើន​សម្ពាធ ដោយគ្មានចន្លោះ​ទំនេរទុកដកដង្ហើម​សម្រាប់ចិន ក្នុងការចាប់​ផ្តើមកិច្ចចរចា ភាគីទាំងពីរ​ពិតជាមិនអាចឈាន​ទៅរកដំណោះស្រាយ​បានឡើយ?

ទីបី តើរដ្ឋបាល​របស់លោក ដូណាល់ ត្រាំ ចង់ឱ្យកិច្ចចរចាទទួល​បានលទ្ធផល​បែបណា? ចង់ឲ្យអាមេរិក​ឈ្នះ ហើយចិនចាញ់ទាំងស្រុង ឬយ៉ាងណា? នៅចាំបានទេ​គោល​នយោបាយ​ការបរទេស ដែលស្នើបង្កើត​ឡើងដោយរដ្ឋបាល​លោក ដូណាល់ ត្រំា នោះគឺ «អាមេរិកជាអាទិភាពទីមួយ» បង្កើតបាន​ជាស្ថានភាពមួយ​ដែល ចាំបាច់ត្រូវ​ជ្រើសរើស​រវាង "អ្នក ឬខ្ញុំ" បើមានខ្ញុំត្រូវ​តែអត់អ្នក បើខ្ញុំឈ្នះ អ្នកត្រូវ​តែចាញ់។ សហរដ្ឋអាមេរិក គឺជាអ្នកបង្កើត​គោលការណ៍​ពាណិជ្ជកម្ម​អយុត្តិធម៌ ដែលធាតុពិត​គឺជាគំនិតមួយដែល​ស្ថាបនា ដើម្បីតែផល​ប្រយោជន៍​ខ្លួនឯង និងការបង្កើត​របាំងការងារផលប្រយោជន៍​ផ្ទាល់​ខ្លួន។

ជាក់ស្តែងច្បាប់​ពាណិជ្ជកម្មក្នុងស្រុករបស់​សហរដ្ឋអាមេរិក​ គឺផ្អែកលើចំណុច ៣០១ ដោយអនុញ្ញាត​ឱ្យប្រធានាធិបតី អាចចាត់វិធានការផ្សេងៗ រួមទាំងការសងសឹក ដើម្បីលុបចោល​រាល់សកម្មភាព ទង្វើ​គោលនយោបាយ ឬការអនុវត្ត​របស់រដ្ឋាភិបាល​បរទេស ដែលរំលោភ​បំពានលើកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​អន្តរជាតិ។ គោលនយោបាយ «អាមេរិកជាអាទិភាពទីមួយ» បង្ហាញឲ្យ​ឃើញច្បាស់នូវចេតនា​របស់រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក្នុងការការពារ​ប្រយោជន៍ផ្ទាល់​ខ្លួន។

លោក ដូណាល់ ត្រាំ ដំបូងឡើយបានស្នើដាក់ពន្ធតែ ១០ភាគរយ លើទំនិញចិន​ដែលមានតម្លៃ​ទឹកប្រាក់ ២០០ពាន់លានដុល្លារ​ ហើយក្រោយមកក៏ស្នើ​ឲ្យមានការដំឡើងជាបន្តបន្ទាប់។ ការផ្លាស់ប្តូរថ្មីនេះ ជាការពង្រីក​ផែនការពាណិជ្ជកម្មថ្មី​មួយទៀត ដែលសំខាន់​ក្នុងសង្គ្រាម​ពាណិជ្ជកម្ម។

សេដ្ឋវិទូ​លោក Jagdish Bhagwati ធ្លាប់បាន​អះអាងថា សហរដ្ឋអាមេរិក​ប្រើប្រាស់ច្បាប់​ពាណិជ្ចកម្ម​ចំណុច ៣០១ ដើម្បីកេងផល​ចំណេញបែបឯកតោភាគី​ ពីដៃគូពាណិជ្ជកម្ម​ដែលទន់ខ្សោយ​ជាងខ្លួន។ ការកេងចំណេញ​ពាណិជ្ជកម្ម​ តាមរយៈការរំលោភ​បំពាន​អំណាចរបស់អាមេរិក នៅតែបង្ហាញជាភស្ថុតាង​យ៉ាងច្បាស់​ ក្នុងសង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក-ចិន​នាពេលបច្ចុប្បន្ន ដែលបន្តិចម្តងៗ​បង្កើតឲ្យ​មាននូវរបប​ការពារនិយម​របស់​សហរដ្ឋ​អាមេរិក។

សេដ្ឋវិទូរូបនេះ លោកបានបង្ហាញភាពជឿជា មានតែសមភាព​តែប៉ុណ្ណោះ ដែលជាស្នូលដ៏សំខាន់ នៃគោលនយោបាយ​ឈ្នះ-ឈ្នះសម្រាប់ភាគីទាំងពីរ។ តុល្យភាព​ជាផលបានមកពីការ​ធ្វើអន្តរកម្ម និងការសម្របសម្រួល​គ្នារវាងដៃគូជម្លោះ។ ប៉ុន្តែដើម្បី​សម្រេចបាននូវសមភាព​នេះ ទាមទារការ​ចំណាយពេលយូរ និងជា​ដំណើរការមួយ​​ដែលតម្រូវឱ្យភាគី​ទាំងពីរ​ ត្រឡប់មករកតុចរចា​ក្នុងពេលនេះតែម្តង។

ហេតុនេះ​ដរាបណា​សហរដ្ឋអាមេរិក នៅតែបន្តគោល​នយោបាយ គិតតែពីខ្លួនឯង​ជាអាទិភាព មិនផ្តល់ភាព​យុត្តិធម៌ដល់ចិន ហើយប្រឹងបង្កើន​ឥទ្ធិពលតាមរយៈ​ការដំឡើងពន្ធ មិនមែនជាមធ្យោបាយល្អ​សម្រាប់ការ​អូសទាញចិន មកកាន់តុចរចា​ឡើយ។ ដូចដែលយើង​ដឹងហើយថា ចិនហាក់មាន​បំណងចង់ចូល​តុចរចារួចទៅ​ហើយ តែលុះត្រាណា​អាមេរិកទុកចន្លោះ​ទំនេរសម្រាប់ចិន អាចដកដង្ហើម​បានស្រួល មុនពេលឈាន​ទៅរកការចរចា​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​នេះ ជាមុនសិន៕

ប្រភព៖ វែបសាយ CGTN