(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun នៅថ្ងៃចន្ទនេះ​បានអំពាវនាវ​យ៉ាងទទូចឱ្យសហរដ្ឋអាមេរិក ទម្លាក់ចោលការដាក់​ទណ្ឌកម្ម ដោយ​ខ្លួនបានអះអាងថា ទីក្រុងព្យុងយ៉ាង​បានបង្ហាញពីចេតនាល្អ​ៗរួចទៅហើយ ក្នុងបញ្ឈប់ការធ្វើ​តេស្ដអាវុធ​នុយក្លេអ៊ែរ និងប្រគល់​អដ្ឋិធាតុកងទ័ពអាមេរិកជា​ច្រើននាក់ ដែលបានស្លាប់​ក្នុងអំឡុងសង្រ្គាម​កូរ៉េទៅហើយដែរ។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។

ការអំពាវនាវ​របស់ Rodong Sinmun ធ្វើឡើងតែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​របាយការណ៍​អង្គការសហប្រជាជាតិមួយ​បានអះអាង​ថា កូរ៉េខាងជើង មិនបានបញ្ឈប់​ការអភិវឌ្ឍ​កម្មវិធី និងអាវុធនុយក្លេអ៊ែរ​របស់ខ្លួននោះឡើយ។ ប៉ុន្តែទន្ទឹមគ្នា​នឹងការអំពាវនាវ​នោះ សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង​មួយនេះ ក៏បានចោទ​ប្រកាន់ផងដែរ​ថា ទីក្រុងវ៉ាស៊ីនតោន​កំពុងធ្វើសកម្មភាព​ប្រឆាំងនឹង​ផែនការធ្វើ ឱ្យប្រសើរឡើងវិញ​នូវទំនាក់ទំនង​រវាងប្រទេសទាំងពីរ បើទោះជា​ទីក្រុង​ព្យុងយ៉ាង បានបង្ហាញ​ចេតនាល្អ ក្នុងនោះរួម​មានទំាងការ​បញ្ឈប់ការធ្វើតេស្ដ​អាវុធនុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល ក៏ដូចជាប្រគល់​អដ្ឋិធាតុកង​ទ័ពអាមេរិក​ជាច្រើននាក់​ ដែលបាន​ស្លាប់ក្នុង អំឡុង​សង្រ្គាមកូរ៉េ (១៩៥០-​១៩៥៣) ឱ្យសហរដ្ឋអាមេរិក​វិញ​ក៏ដោយ។

គួរបញ្ជាក់ថា នាឱកាសចូល​រួមក្នុងកិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រីការបរទេស​ ក្នុងប្រទេស​សិង្ហបុរី​កាលពីថ្ងៃសៅរ៍​កន្លងទៅ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ បានជម្រុញឱ្យ​សហគន៍អន្តរជាតិ​បន្តរក្សាការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និងសម្ពា​ធ​ប្រឆាំង​នឹងទីក្រុង​ព្យុងយ៉ាង រហូតដល់មាន​ការរំសាយអាវុធនុយក្លេអ៊ែរ​ទាំងស្រុង នៅលើ​ឧបទ្វីបកូរ៉េ៕