(តូក្យូ)៖ ប្រទេសជប៉ុន​នៅថ្ងៃចន្ទនេះ បានប្រារព្ធខួប​ឆ្នាំទី ៧៣ នៃការទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរពីសំណាក់កងទ័ពអាមេរិក​លើ​ទីក្រុងហ៊ីរូស៊ីម៉ា (Hiroshima) ជាមួយការព្រមាន​របស់អភិបាល​ក្រុងមួយនេះ ពីការកើនឡើង​គំនិតជាតិនិយម​ ដែលអាចនឹងបំផ្លាញ​ដល់សន្តិភាព​ពិភពលោក។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។

ផ្ទៃមេឃពីលើស្តូបសន្តិភាព ក្នុងទីក្រុងហីរូស៊ីម៉ា​នៅថ្ងៃចន្ទនេះ ហាក់មាន​ភាពស្រឡះ​ដូចគ្នាទៅនឹង​ថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ ជាពេល​ដែលយន្ដហោះ​ទម្លាក់គ្រាប់បែក​អាមេរិក B-29 មួយគ្រឿង​ទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរទីមួយ​ នៅលើពិភពលោក​លើទីក្រុង កំពុងផែមួយនេះ​ដោយផ្ដាច់ជីវិត​ប្រជាជនជប៉ុន ១៤០,០០០នាក់។ ដោយឡែក នាឱកាសប្រារព្ធ​ខួបដ៏មហាសោកសៅ​នេះ អភិបាលក្រុង​ហ៊ីរូស៊ីម៉ា លោក កាស៊ូមិ ម៉ាត់ស៊ូអ៊ិ (Kazumi Matsui) បានថ្លែងសារ​ប្រចាំឆ្នាំរបស់​លោក ជាមួយការអំពាវនាវ​ឱ្យមានការលុបបំបាត់អាវុធ នុយក្លេអ៊ែរ ក៏ដូចជាព្រមាន​ពីការកើនឡើងនៃ​គំនិតជាតិនិយម ដែលនឹងផ្លាញ​ដល់សន្តិភាព​ពិភពលោក។

ម្យ៉ាងវិញទៀត បើទោះជាមិនបាន​បញ្ជាក់ឈ្មោះចំៗថា ប្រជាជាតិមួយ​ណាកំពុងប្រកាន់គំនិតជាតិ​និយមក៏ដោយ ប៉ុន្តែអំពាវនាវ​របស់លោក Matsui កើតមានឡើង​នៅចំពេលប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសន្យា​បង្កើនឃ្លាំអាវុធ​នុយក្លេអ៊ែរ និងប្រកាស​ដំឡើងពន្ធលើផលិត​នាំចូលមកពីប្រទេស​ជាច្រើន ក្នុងនោះរួមមាន​ទាំងជប៉ុន​ផងដែរ។

គួររំលឹកជូនថា ជប៉ុន បានទទួលរងការឈឺចាប់ ដោយសារតែការវាយប្រហារ​ដោយអាវុធ​នុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក​ចំនួន ២ លើក នៅចុងបញ្ចប់នៃសង្រ្គាម​លោកលើកទី ២។ លើកទីមួយ​គឺនៅថ្ងៃទី០៦ ខែសីហា ខែឆ្នាំ១៩៤៥ សហរដ្ឋអាមេរិក​បាន​ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ​លើក្រុងហ៊ីរ៉ូស៊ីម៉ា ដោយសម្លាប់​ប្រជាជនជប៉ុនជាង ១៤០,០០០នាក់ ហើយបីថ្ងៃមកទៀតគ្រាប់បែក​នុយក្លេ អ៊ែរទី ២ ត្រូវកងទ័ពអាមេរិក​សំពងលើ​ទីក្រុងណាហ្កាសាគី (Nagasaki) ផ្ដាច់ជីវិត​មនុស្ស ៧៤,០០០នាក់៕