(វ៉ាស៊ីនតោន)៖ ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក​លោក ចន បូលតុន (John Bolton) បាននិយាយថា រដ្ឋាភិបាលទីក្រុងការ៉ាកាស់ខ្លួនឯងទំនងជាអ្នក រៀបចំឈុតឆាត​នៃការវាយប្រហារដោយយន្ដហោះដ្រូន ប៉ុនប៉ងធ្វើឃាត​លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាម​ការចេញផ្សាយ​ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។

ប្រតិកម្មរបស់​លោក Bolton កើតឡើងបន្ទាប់ពី​ប្រធានាធិបតីវេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ បានចោទប្រកាន់​សហរដ្ឋអាមរិក គណបក្សប្រឆាំង និងរដ្ឋាភិបាលកូឡុំប៊ី គឺជាអ្នកនៅពីក្រោយ​ការវាយប្រហារដោយ​យន្ដហោះដ្រូន ដើម្បីធ្វើឃាត​រូបលោកដោយ មិនបានបង្ហាញ​ភស្ដុតាង​អ្វីទាំងអស់។ ថ្លែងប្រាប់ Fox News កាលពី​ថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) លោកទីប្រឹក្សា​សន្ដិសុខជាតិ អាមេរិកបាន​គូសបញ្ជាក់​យ៉ាងដូច្នេះថា «​រដ្ឋាភិបាលអាមេរិកមិនមាន​ជាប់ពាក់ព័ន្ធ​នឹងអ្វីទាំងអស់ ជុំវិញការវាយប្រហារដោយ​យន្ដហោះ ដ្រូនលើលោក ម៉ាឌូរ៉ូ... ប៉ុន្តែផ្ទុយ​ទៅវិញ​រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ខ្លួនឯងគឺជាអ្នក​នៅពីក្រោយ​ការវាយប្រហារ ក្នុងចេតនា​បន្តប្រព្រឹត្ត​អំពើពុករលួយ និងសកម្មភាពគាប​សង្កត់លើ​គណបក្ស​ប្រឆាំង»

គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រី​មហាផ្ទៃ​វេណេស៊ុយអេឡា លោក ណែស្ទ័រ រីវើសល (Néstor Reverol) មនុស្ស ០៦នាក់ត្រូវបានចាប់ខ្លួន​ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើឃាត​​​លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ នៅអំឡុង​ព្យុហយាត្រមួយក្នុងទីក្រុង​ការ៉ាកាស់​កាលពី​ថ្ងៃអាទិត្យ៕ ​