(សិង្ហបុរី)៖ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​លោក រី យ៉ុង ហូ (Ri Yong Ho) បានចោទប្រកាន់​សហរដ្ឋអាមេរិកថា នៅតែមានភាព​ស្រពិចស្រពិល​ក្នុងការកសាងទំនុកចិត្ត​រវាងប្រទេសទាំង ហើយថែម​ទាំងព្រមានដែរថា កូរ៉េខាងជើងចាប់ផ្តើម ឬមិនចាប់ផ្ដើម​កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន​ឡើងវិញ គឺអាស្រ័យលើ​អាកប្បកិរិយារបស់​សហរដ្ឋអាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CGTN នៅរសៀលថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។

លោក រី យ៉ុង ហូ ធ្វើការកត់សម្គាល់​បែបនេះ នៅក្នុងឱកាស​ចូលរួមកិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រីការបរទេស​នៅឯប្រទេស​សិង្ហបុរី​កាលពី ចុងសប្ដាហ៍​កន្លងទៅ និងបន្ទាប់ពីរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ បានអំពាវនាវ​ឱ្យសហគមន៍​អន្តរជាតិ​បន្តរក្សា​ការដក់ទណ្ឌកម្ម និងសម្ពាធជា​អតិបរមាប្រឆាំងនឹងទីក្រុង​ព្យុងយ៉ាង។ លើសពីនេះ​ទៅទៀត លោក រី ថែមទាំង​ព្រមាន​ទៀតថា កូរ៉េខាងជើងនឹង ឬមិនចាប់ផ្ដើមអភិវឌ្ឍន៍​កម្មវិធីអាវុធនុយក្លេអ៊ែរ​ឡើងវិញ រហូតទាល់​តែសហរដ្ឋអាមេរិក​ ចាត់វិធានការសកម្មភាព ឱ្យស្មើភាពទៅ​នឹងអ្វីដែល​កូរ៉េខាងជើង​បាន​និង​កំពុងធ្វើ។

គួរបញ្ជាក់ថា ការតឹងសសៃកដាក់គ្នារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ហាក់ដូចជាផ្ទុះឡើងកាលពីចុងសប្ដាហ៍កន្លង ក្រោយ​មានសេចក្ដីរាយការណ៍​ជាបន្តបន្ទាប់ថា ទីក្រុងព្យុងយ៉ាង នៅតែបន្តលួច​លាក់អភិវឌ្ឍន៍​អាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប បើទោះ ជាមាន​កិច្ចព្រមព្រៀង​រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កាលពីខែមិថុនា ក្នុងប្រទេស​សិង្ហបុរី​ក៏ដោយ៕