(ការ៉ាកាស់)៖ រដ្ឋមន្ត្រីមហាផ្ទៃវេណេស៊ុយអេឡា លោក Néstor Reverol បានឱ្យដឹងថាមនុស្ស០៦នាក់ ត្រូវបានចាប់ខ្លួនដោយ សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាត លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមការចេញផ្សាយដោយ

សារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។

លោក Reverol បាននិយាយថាជនសង្ស័យទាំង០៦នាក់ខាងលើ គឺជាសមាជិកនៃមនុស្សមួយក្រុមដែលបានបញ្ជាយន្ដហោះដ្រូន បំពាក់គ្រឿងផ្ទុះ ធ្វើសកម្មភាពវាយប្រហារលើលោក ម៉ាឌូរ៉ូ នៅអំឡុងពិធីព្យុហយាត្រាយោធាមួយ កាលពីថ្ងៃអាទិត្យ ក្នុងរដ្ឋធានី ការ៉ាកាស់។ ចំណែកឯ លោក ម៉ាឌូរ៉ូ ដែលបានរួចផុតពីការវាយប្រហារនេះ ក៏បានព្រមានដែរអ្នកជាប់ពាក់ព័ន្ធនឹងការវាយប្រហារ នេះ នឹងត្រូវទទួលទោសធ្ងន់ធ្ងរ ខណៈលោកផ្ទាល់ចោទថាសហរដ្ឋអាមេរិក កូឡុំប៊ី និងក្រុមប្រឆាំងនៅក្នុងប្រទេសគឺជាអ្នកនៅពី ក្រោយការប៉ុនប៉ងធ្វើឃាតរូបលោក។

គួរបញ្ជាក់ថា រដ្ឋាភិបាលកូឡុំប៊ី បានចាត់ទុកថាការចោទប្រកាន់របស់លោក ម៉ាឌូរ៉ូ គឺគ្មានភស្ដុតាង និងគ្មានមូលដ្ឋាន ប៉ុន្តែអ្វីដែល សំខាន់ក្រុមអ្នកប្រឆាំងនៅក្នុងប្រទេស កំពុងព្រួយបារម្ភខ្លាចក្រែងប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ ប្រើប្រាស់វាជាលេស ដើម្បីបង្រ្កាប និងបំបិទសំឡេងគណបក្សប្រឆាំង៕