(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌា​នៅថ្ងៃសៅរ៍​នេះ​បានអះអាងថា ការដំឡើងពន្ធ​ដ៏ខ្ពស់ថ្មីមួយប្រឆាំង​នឹងផលិតផលមួយ​ចំនួននាំចូលពី សហរដ្ឋអាមេរិក នឹងត្រូវចូលជាធរមាន​នៅថ្ងៃទី១៨ ខែកញ្ញា​ខាងមុខនេះ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែសីហា ឆ្នាំ២០១៨។

ឥណ្ឌាដែល​កំពុងមានជម្លោះពាណិជ្ជកម្ម​ ជាមួយទីក្រុងវ៉ាស៊ីនតោន​ដែរនោះ បានសម្រេចចិត្ត​ដំឡើងពន្ធកាលពី​ខែមិថុនា លើផលិត​មួយចំនួន​ដែលនាំចូលពី​សហរដ្ឋអាមេរិក ក្នុងនោះរួមមាន​ដូចជាផ្លែអាល់ម៉ុន (almonds), សណ្តែក (walnuts) និងផ្លែប៉ោម (apples) ជាដើម។ ជម្លោះ​ពាណិជ្ជកម្មរវាង​ឥណ្ឌា និងសហរដ្ឋអាមេរិក បានផ្ទុះឡើងចាប់​តាំងពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជា​ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ជាពេលដែលពាណិជ្ជកម្ម​ទ្វេភាគីរវាងប្រទេសទាំង​ពីរកើនដល់ ១១៥ពាន់លានដុល្លារ។

ប៉ុន្តែ​រដ្ឋបាលលោក ដូណាល់ ត្រាំ ចង់កាត់បន្ថយឱនភាព​ពាណិជ្ជកម្មរបស់ខ្លួន​ជាមួយឥណ្ឌា ៣១ពាន់លានដុល្លារ ខណៈកំពុងដាក់​សម្ពាធលើ​ទីក្រុងញូដេលី បន្ធូរបន្ថយ​របាំងពាណិជ្ជកម្ម។ សម្រាប់ការ​ប្រកាសដំឡើងពន្ធ​របស់ឥណ្ឌា​នេះ គឺកើតមាន​ឡើងក្នុងថ្ងៃតែមួយ​ដែលប្រទេសចិន បានព្រមាន​ដំឡើងពន្ធ ៦០ពាន់​លានដុល្លារ តបទៅវិញ ប្រសិនបើអាមេរិក​ហ៊ានដំឡើងពន្ធក្នុង​តម្លៃ ២០០ពាន់លានដុល្លារ លើទំនិញ​ចិននោះ៕