(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) បានចាប់ផ្តើម​វាយ​ប្រហារ​​ពាក្យសម្តីទៅលើ​បណ្តាញសារព័ត៌មាន​ជាថ្មីម្តងទៀត ដោយព្រលះធ្ងន់ៗ​ថា ​​​ជា​ប្រព័ន្ធផ្សព្វផ្សាយភាគច្រើន​ចុះ​តែ​ព័ត៌​មាន​​មិន​ពិត ​និងគួរ​ឲ្យស្អប់​ខ្ពើម​​ជាខ្លាំង។ នេះ​បើ​តាម​​ការ​ដក​ស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃ​សុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។

​លោក ត្រាំ បាន​អះអាងថា រូបលោកត្រូវ​បានបណ្តាញសារព័ត៌មាន​ចោទប្រកាន់​ទាំងពុំមាន​កំហុសថា មានភាព​យឺតយ៉ាវ​ក្នុង​ការ​ចូល​គាល់​​​​មហាក្ស​ត្រីយ៍​​​អង់​គ្លេស​ កាលពីអំឡុង​ដំណើរទស្សនកិច្ចផ្លូវរដ្ឋ​ ទៅកាន់ចក្រភពអង់គ្លេស​នាខែកក្កដា។ បន្ថែមពីនេះ​លោក ត្រាំ ក៏បាន​និយាយការពារការ​សម្រេចចិត្ត​របស់លោក ក្នុងការបន្តដំណើរ​ចេញអង់គ្លេស ទៅកាន់​ក្រុង​ហែលស៊ីនគី នៅហ្វាំងឡង់ ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ៉្លាឌីមៀ ពូទីន និងជំនួបប្រវត្តិសាស្រ្ត​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន កាលពី​ខែមិថុនា​ផង​ដែរ​។

គួរជម្រាបថា ​​រហូតមកទល់​ពេលនេះ​លោក ដូណាល់ ត្រាំ នៅតែមិនត្រូវរ៉ូវគ្នា​នោះឡើយ ​ជាមួយបណ្តាញ​​សារ​ព័ត៌​មាន​​មួយ​ចំនួន ជា​ពិសេស​នោះគឺជាបណ្តាញ​សារព័ត៌មានក្នុងស្រុក CNN តែម្តង ដោយ​ជារឿយៗ​លោកតែងបានចាត់​ទុកប្រព័ន្ធផ្សព្វផ្សាយ​ទាំងនោះថា ជាសត្រូវរបស់​មហាជន និងថាការចុះផ្សាយ​ព័ត៌មាន​របស់ពួកគេ​​សុទ្ធតែជា​រឿងមិនពិត ដែលប្រការនេះធ្វើឲ្យមហាជនមានទស្សនៈមិនល្អ​ចំពោះមេដឹកនាំ​សហរដ្ឋអាមេរិក​រូបនេះ៕