(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានអនុញ្ញាតឲ្យមានការរៀបចំគម្រោង​ ដើម្បី​លក់សព្វាវុធ​​តម្លៃ ៤០.៤ពាន់លានដុល្លារ ទៅឲ្យរដ្ឋាភិបាល​​គុយវ៉ែត។ នេះបើតាម​​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០១៨។

​បើតាមសេចក្តី​​ថ្លែងការណ៍​របស់​​​​​​​ការិយាល័យ​​​កិច្ចការនយោបាយ​​យោធា​ នៃក្រសួង​ការបរទេស​​អាមេរិក សព្វាវុធ​ខាងលើ​គឺ​ជាគ្រាប់​បែក​​ប្រភេទ Mk-Series ជាង ២,០០០គ្រាប់ ក្នុងរួមមាន​​​គ្រាប់បែក Mk-82 ​ទម្ងន់ ​២២៦គីឡូក្រាមចំនួន ១,០២០គ្រាប់, Mk-83 ទម្ងន់ ​​៤៥៣គីឡូក្រាម​ចំនួន ១,០០២គ្រាប់, និង Mk-84 ទម្ងន់ជាង ៩០០គីឡូក្រាម​ចំនួន ៦០០គ្រាប់។

គួរជម្រាបថា បើតាម​ប្រភពដដែល​​គុយវ៉ែតនឹង​ប្រើប្រាស់គ្រាប់បែក​ទាំងនេះ ដើម្បី​បំពាក់​ទៅលើ​កងយន្តហោះ​ចម្បាំង F/A-18 ស្រប​ពេល​ដែលខ្លួន កំពុងខិតខំប្រឹងប្រែង​​បង្កើនសមត្ថភាព​​ ទប់ទល់​នឹងការ​គំរាមកំហែង​នាពេលបច្ចុប្បន្ន និងអនាគត​នៅក្នុង​តំបន់៕