​(ម៉ូស្គូ)៖ កងកម្លាំងឆ្មំាបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នៅឯច្រកសមុទ្រ Hormuz ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន ក្នុងការបិទច្រកសមុទ្រយុទ្ធសាស្ត្រដ៏សំខាន់មួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។

យោងតាម Sputnik អ៊ីរ៉ង់អាចនឹងធ្វើសមយុទ្ធយោធានៅក្នុងរយៈពេល៤៨ម៉ោងខាងមុខនេះ ក្រោយទទួលបានការព្រមានជាបន្ត
បន្ទាប់ពីសហរដ្ឋអាមេរិក និងជាពិសេសបន្ទាប់ពីសារព័ត៌មានអូស្រ្តាលី ABC​ រាយការណ៍ថាលោក ដូណាល់ ត្រាំ អាចនឹងបញ្ជាឱ្យ កងទ័ពអាមេរិក បើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅក្នុងខែសីហានេះ។ ដោយឡែក ថ្លែងនៅលើ Twitter ទីបញ្ជា ការកណ្ដាលកងទ័ពអាមេរិក ក៏បានអះអាងដែរថាកងទ័ពអាមេរិក នឹងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់ អ៊ីរ៉ង់ និងការវិវត្តស្ថានការណ៍នៅក្នុងតំបន់។

គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងខ្លាំងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យបណ្ដា
ប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនឈប់ទិញប្រេងពីអ៊ីរ៉ង់។ ប៉ុន្តែជាការឆ្លើយតប ទីក្រុងតេហេរ៉ង់ បានព្រមានវិញថាខ្លួននឹងបិទច្រក សមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់នៅក្នុងតំបន់ បើសិនជាការនាំចេញប្រេងរបស់ខ្លួនត្រូវបានរំខាន៕