(ប៉េកាំង)៖ មហាយក្សចិន​នៅថ្ងៃពុធនេះ​បានព្រមានថា ខ្លួននឹងចាត់វិធានការ​ឆ្លើយតបវិញ​ភ្លាមៗ បើសិនជា​សហរដ្ឋអាមេរិក តម្លើងពន្ធ​លើផលិតផលនាំ​ចូលពីចិន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។

ការព្រមានបែបនេះ​របស់ចិន ធ្វើឡើងបន្ទាប់ពីរដ្ឋបាល​លោក ដូណាល់ ត្រាំ បានស្នើឱ្យមាន​ការតម្លើងពន្ធបន្ថែម ២៥ភាគរយ លើមុខទំនិញ​នាំចូលពីចិន​ ដែលមាន​តម្លៃជាង ២០០ពាន់លានដុល្លារ។ ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​ដ៏ខ្លីមួយ​ក្នុងទីក្រុងប៉េកាំង អ្នកនំាពាក្យ​ក្រសួងការ​បរទេសចិន​លោក ជែង ហ្ស័ង (Geng Shuang) បានលើក​ឡើងយ៉ាងដូច្នេះថា «សម្ពាធពាណិជ្ជកម្ម​របស់សហរដ្ឋអាមេរិក លើចិន​គឺគ្មានប្រសិទ្ធភាព​ឡើយ... តែយ៉ាងណា ទីក្រុងប៉េកាំង​នៅតែប្រកាន់គោលជំហរ​បើកកិច្ច​សន្ទនា ដើម្បីដោះស្រាយ​បញ្ហា ពាណិជ្ជកម្ម»។

គួរបញ្ជាក់ថា ប្រើតាមប្រព័ន្ធ​ផ្សព្វផ្សាយអាមេរិក គំរោងដំឡើងពន្ធ​បន្ថែមខាងលើ របស់​សហរដ្ឋអាមេរិក អាចនឹងត្រូវប្រកាសនៅ​ថ្ងៃពុធនេះ (ម៉ោងនៅ​អាមេរិក) បើទោះបីជាមាន​ការព្រមានពីសង្គ្រាម​ពាណិជ្ជកម្ម ដែលនឹងផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់មហាយក្សទាំងសងខាង​យ៉ាងណាក៏ដោយ៕