(ម៉ូស្គូ)៖ សារព័ត៌មានអូស្រ្ដាលី ABC កាលពី​សប្ដាហ៍មុន ដោយផ្អែកលើ​ប្រភពដែលខ្លួនទទួល​បាន​ ពីក្រុមមន្ត្រីជាន់​ខ្ពស់ក្នុងជួរ​រដ្ឋាភិបាល​អូស្ត្រាលី បានឱ្យដឹងថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អាចនឹង​បើកការវាយប្រហារ​ដោយទម្លាក់គ្រាប់បែក លើទីតាំងរោង​ចក្រនុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅខែសីហា​ខាងមុខ​នេះ។ មិនតែ​ប៉ុណ្ណោះ ABC ក៏បាន​បញ្ជាក់ដែរថា អូស្ត្រាលី អង់គ្លេស កាណាដា និងនូវែលសេឡង់ អាចនឹងចូលរួម​ក្នុងប្រតិបត្តិការ​នេះដែរ។ ប៉ុន្តែមនុស្សគ្រប់គ្នា​សុទ្ធតែដឹងថា បើសិនជា​គំរោងនេះ​ត្រូវបានអនុវត្តមែន នោះវិបត្តិ​ប្រេងសកលលោក វិបត្តិជន​ភៀសខ្លួន និងសង្រ្គាម​មហន្តរាយនៅក្នុងតំបន់​អាចនឹងផ្ទុះ​ឡើង។

ដូច្នេះ តើសហរដ្ឋអាមេរិក​មានផែនការវាយប្រហារ​លើអ៊ីរ៉ង់ពិតមែនដែ ឬទេ? ខាងក្រោមនេះ គឺជាហេតុផលខ្លះ​ដែលគួរតែដឹងថា តើលោក ដូណាល់ ត្រាំ កំពុងមាន​ផែនការប្រកាសសង្រ្គាម​ជាមួយអ៊ីរ៉ង់ ឬយ៉ាងណា៖

១៖ ការប្រកាស​ដកខ្លួនចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់២០១៥

កាលពីខែឧសភា​កន្លងទៅ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានប្រកាសដក​សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់​ដោយ​ឯកតោភាគី ភ្ជាប់ជាមួយ​ការព្រមានឱ្យបណ្ដាប្រទេស​ដទៃឈប់ទិញ​ប្រេង​ពីអ៊ីរ៉ង់ នៅត្រឹម​ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ និងត្រៀមដាក់​ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់ជាថ្មីទៀត​ផង។

២៖ អ៊ីរ៉ង់ព្រមានបិទច្រកសមុទ្រ Hormuz

ក្រោយទទួល​ការព្រមានពីលោក ត្រាំ អ៊ីរ៉ង់ក៏បាន​ព្រមានតបវិញ​ដែរថា នឹងបិទច្រក​សមុទ្រ Hormuz ដែលជាផ្លូវទឹក​យុទ្ធសាស្ត្រដឹកជញ្ជូនប្រេង​ឆ្លងកាត់ដ៏សំខាន់​នៅក្នុងតំបន់​​មជ្ឈិមបូព៌ា។ លើសពីនេះទៅទៀត បើតាម​សារព័ត៌មាន CNN បច្ចុប្បន្ន​សហរដ្ឋអាមេរិក កំពុងពិចារណាលើជម្រើស​យោធា ដែលអាច​ធ្វើយ៉ាងណាឱ្យច្រក​សមុទ្រ Hormuz នៅតែ​បើកដំណើរការ​ដដែល តាមរយៈជំនួយ​ពី​អារ៉ាប៊ីសាអូឌីត។

៣៖ មេបញ្ជាការ​អ៊ីរ៉ង់ព្រមានបំផ្លាញ​អ្វី ដែលសហរដ្ឋអាមេរិក​កំពុងមាន

មេបញ្ជាការ​ជាន់ខ្ពស់នៃកងកម្លាំងឆ្មាំ​បដិវត្តន៍អ៊ីរ៉ង់ លោក Mohammad Hossein Bagheri បាន​ព្រមានថា បើសិនជាទីក្រុងវ៉ាស៊ីនតោន​ហ៊ានបើកការវាយប្រហារ​ណាមួយប្រឆាំង​នឹងតេហេរ៉ង់ នោះអ៊ីរ៉ង់នឹង​បំផ្លាញផលប្រយោជន៍​របស់អាមេរិក​ នៅក្នុងតំបន់​មជ្ឈិមបូព៌ា ព្រមទាំងអ្វីដែល​សហរដ្ឋអាមេរិក កំពុងមានក្នុង​ពេល​បច្ចុប្បន្ន។

៤៖ លោក ដូណាល់​ ត្រាំ តែងតាំងលោក ចន បូលតុន (John Bolton) ជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក

ការប្រើប្រាស់​កម្លាំងយោធា​របស់ លោក ដូណាល់ ត្រាំ​ ត្រូវបានគេមើលឃើញថា វាត្រូវបានបង្ហាញ​តាមរយៈការតែងតាំង​លោក ចន បូលតុន ជាទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក។ លោក បូលតុន គឺជាមនុស្ស​ម្នាក់ដែលមានគោល​នយោបាយ​ម៉ឺងម៉ាត់ ជាពិសេស​លោក គឺជាមនុស្សម្នាក់​ដែលគាំទ្រ​ការប្រើប្រាស់កម្លាំង​យោធាប្រឆាំង​នឹងអ៊ីរ៉ង់ រួមទាំង​កូរ៉េខាងជើង​ផងដែរ។

ជាក់ស្ដែង​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិករូបនេះ ថែមទាំងធ្លាប់​បានសន្យាទៀតផង​ថា ការផ្លាស់ប្ដូររបបដឹកនាំ​នៅអ៊ីរ៉ង់ អាចនឹងកើត​មាននៅ ដំណាច់ឆ្នាំ២០១៨ នេះ។ «ដើម្បីទប់ស្កាត់​គ្រាប់បែក​របស់អ៊ីរ៉ង់ យើងត្រូវទម្លាក់​គ្រាប់បែក​លើអ៊ីរ៉ង់មុន»។ នេះគឺ​សម្រង់​សម្ដីពីលោក បូលតុន ចុះផ្សាយ​ដោយ​សារព័ត៌មាន New York Times។

៥៖ សហរដ្ឋអាមេរិក​កំពុងមានផែនការ បង្កើតកងកម្លាំងណាតូ-អារ៉ាប់​ឡើងវិញ

តាមរយៈការ​ព្រមានបណ្ដាប្រទេស​អារ៉ាប់ នៅក្នុងតំបន់​ពីការឈ្លានពាន សកម្មភាព​ភេរវកម្ម និងភាពជ្រុលនិយម រួមទាំង​ការពង្រីកឥទ្ធិពល​របស់អ៊ីរ៉ង់កាន់តែខ្លាំង​នៅក្នុងតំបន់មជ្ឈិមបូព៌ា សហរដ្ឋអាមេរិក​ត្រូវបានគេរាយការណ៍​ថា កំពុងជួយ​ជ្រោមជ្រែង​បណ្ដាប្រទេស អារ៉ាប់​ក្នុងការបង្កើតសម្ព័ន្ធភាព​យោធាមួយ មានទម្រង់​ប្រហាក់​ហែលនឹង​អង្គការ​ណាតូ នោះគឺណាតូ-អារ៉ាប់ ដើម្បីប្រមូល​កម្លាំងប្រឈមមុខ​នឹង​អ៊ីរ៉ង់។

គួរបញ្ជាក់ថា ការចេញផ្សាយ​​របស់សារព័ត៌មាន​អូស្រ្ដាលី ABC កាលពីសប្ដាហ៍​មុនគឺ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ អាចនឹងបើក​ការវាយប្រហារទម្លាក់គ្រាប់​បែក លើទីតាំងរោងចក្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅខែសីហា​ខាងមុខ​នេះ កើតមានឡើង​បន្ទាប់ពី​ជំនួបរវាងរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ, រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​លោក James Mattis ជាមួយ​រដ្ឋមន្ត្រី ការពារជាតិអូស្រ្ដាលីលោក​ស្រី Marise Payne និងរដ្ឋមន្ត្រី​ការបរទេស​លោកស្រី Julie Bishop ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ​ពិគ្រោះ​យោបល់ថ្នាក់រដ្ឋមន្ត្រី​ អាមេរិក-​អូស្រ្ដាលី (AUSMIN) ក្នុងរដ្ឋកាលីហ្វ័រញ៉ា​កាលពី​សប្ដាហ៍មុន។

ប៉ុន្តែ​លោក James Mattis បានទាត់ចោល​សេចក្ដីរាយការណ៍​នេះ ហើយ​នាយករដ្ឋមន្ត្រីអូស្រ្ដាលី​លោក Malcolm Turnbull ក៏បានបដិសេធ​ផងដែរ ដោយអះអាងថា មិនមានហេតុផល​ណាមួយឱ្យលោក​ជឿថា សហរដ្ឋអាមេរិក​នឹងបើកការវាយប្រហារ​លើ​អ៊ីរ៉ង់នោះទេ៕

ប្រភព៖ Russian Today (RT) ថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨