(អង់ការ៉ា)៖ ការប្រើប្រាស់ភាសាគំរាមកំហែង របស់សហរដ្ឋអាមេរិក​ប្រឆាំងនឹងតួកគី គឺជារឿងមិនអាច​ទទួលយកបាន និងជាការមិនគោរព​លើអ្នកដទៃ។ នេះការជា​​ការលើក​ឡើងរបស់ក្រុមប្រឹក្សា​សន្តិសុខតួកគី ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយនៅថ្ងៃចន្ទ​សប្ដាហ៍នេះ ក្រុមប្រឹក្សាសន្តិសុខ​តួកគី​បានលើកឡើង​យ៉ាងដូច្នេះថា «គោលជំហរ របស់សហរដ្ឋអាមេរិក​លើគំរោង​នៃឧស្សហកម្មការពារជាតិ​តួកគី នឹងបំផ្លាញដោយ​គ្មានទំនួលខុសត្រូវ​ លើយុទ្ធសាស្ត្រនៃ​ភាពជាដៃ​គូរវាងប្រទេសទាំងពីរ ហើយការប្រើប្រាស់​ភាសាគំរាមកំហែង​របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងតួកគីគឺ​ជារឿងមិន​អាចទទួល យកបាន និងជាការមិន​គោរពលើ​អ្នកដទៃ»

ការចេញ​សេចក្ដីថ្លែងការណ៍របស់​ក្រុមប្រឹក្សាសន្តិសុខ​តួកគី នៅចំពេល​ដែលសហរដ្ឋអាមេរិក និងតួកគីកំពុងមាន​ភាពតានតឹងគ្នាជុំវិញរឿងអាជ្ញាធរ​តួកគីចាប់ឃុំខ្លួន​អាចារ្យនៃគ្រិស្ដសាសនា​ ជាជនជាតិ​អាមេរិកម្នាក់​ឈ្មោះ អាន់ឌ្រូ ប្រាក់សុន (Andrew Brunson) ដោយចោទថា មាន​ជាប់ពាក់ព័ន្ធ​នឹងសកម្មភាព​ភេរវកម្ម និងរដ្ឋប្រហារមិន​បានសម្រេចកាល​ពីឆ្នាំ២០១៦។ ប៉ុន្តែទន្ទឹមគ្នា សហរដ្ឋអាមេរិក ក៏បានព្រមានដែរថា នឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរ​ប្រឆាំងនឹង​ទីក្រុងអង់ការ៉ា បើសិនជា​មិនព្រមដោះលែង​អាចារ្យនៃគ្រិស្ដសាសនារូបនេះទេ​នោះ៕