(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេច​ដើម្បីជួបពិភាក្សា​ជាមួយ ប្រធានាធិបតី​អ៊ីរ៉ង់លោក ហាស្សាន់ រូហានី ដោយគ្មាន​លក្ខខណ្ឌជាមុន និងគ្រប់ពេល​វេលាឱ្យតែអ៊ីរ៉ង់​ចង់បាន។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ ធ្វើការកត់​សម្គាល់បែបនេះ​នៅចំពោះមុខអ្នកសារព័ត៌មាន​នៅឯសេតវិមាន នៅថ្ងៃចន្ទ​សប្ដាហ៍នេះ និងបន្ទាប់ពី​មានសេចក្ដីរាយការណ៍​ថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងដឹកនាំ​ការវាយប្រហារ​លើទីតាំង​នុយក្លេអ៊ែរអ៊ីរ៉ង់ នៅខែសីហា​ខាងមុខនេះ។ ថ្លែងនា​ឱកាសនោះ​លោក ត្រាំ បានគូស​បញ្ជាក់យ៉ាងខ្លី​ដូច្នេះថា «ខ្ញុំអាចជួបនឹង​អ្នកណាក៏បាន ហើយខ្ញុំជឿជាក់​លើជំនួប​នោះ»

ការបង្ហាញ​ពីចេតនាចង់បន្ធូរបន្ថយ​ភាពតានតឹងរបស់​លោក ត្រាំ កើតមាន​ឡើង​​ក្រោយ​លោក និងប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាសាន់ រូហានី បានព្រមាន​ដាក់គ្នាទៅវិញ​ទៅមកកាលពីដើម​ខែកក្កដា​កន្លងទៅ រហូតដល់​សារព័ត៌មាន ABC រាយការណ៍ថា សហរដ្ឋអាមេរិក​អាចនឹងដឹកនាំការវាយប្រហារ​លើទីតាំង​នុយក្លេអ៊ែរអ៊ីរ៉ង់ នៅខែសីហា​ខាងមុខនេះ។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​អូស្រ្តាលី​លោក ម៉ាល់ខូម ធើនប៊ូល (Malcolm Turnbull) បានចេញមុខច្រានចោលសេចក្ដីរាយការណ៍នេះ។

គួរបញ្ជាក់ថា ក្រោយប្រកាសដកខ្លួន​ចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥ បច្ចុប្បន្នទីក្រុង​វ៉ាស៊ីនតោន កំពុងត្រៀមដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ជាថ្មីប្រឆាំងនឹង​អ៊ីរ៉ង់ក្នុងពេល​ឆាប់ៗនេះ បើទោះ​ជាមានការ​ជំទាស់ពី បារាំង អង់គ្លេស ចិន អាល្លឺម៉ង់ និងរុស្ស៊ីក៏ដោយ៕