(ប៉េកាំង)៖​ រដ្ឋមន្ត្រី​ការបរទេស និងជាទីប្រឹក្សា​រដ្ឋចិន​លោក វ៉ាង យី បានអះអាង​ជាថ្មីឡើងវិញថា ចិននៅតែបើក​ចំហទ្វារចរចា​ដោះស្រាយ​ជម្លោះពាណិជ្ជកម្មជាមួយ​សហរដ្ឋអាមេរិក ដ្បិតទីក្រុង​ទីក្រុងប៉េកាំង មិនចង់ធ្វើ​សង្រ្គាមពាណិជ្ជកម្មនឹង​ប្រទេសណា​មួយនោះទេ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅល្ងាចថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មានរួមគ្នា ក្នុងទីក្រុង​ប៉េកាំង​នៅថ្ងៃចន្ទនេះ ជាមួយ​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក ជែរែមី (Jeremy) លោក វ៉ាង យី បានកត់​សម្គាល់ថា ចិន និងសហរដ្ឋអាមេរិក គួរតែដោះស្រាយជម្លោះពាណិជ្ជកម្ម​ តាមរយៈក្របខណ្ឌ​នៃអង្គការពាណិជ្ជកម្ម​ពិភពលោក។ បន្ថែមពី​លើនេះ​លោក វ៉ាង ក៏បានបញ្ជាក់​ដែរថា ទីក្រុងប៉េកាំងនៅ​តែបើកទ្វារចំហ ជានិច្ចដើម្បីចរចា​នឹង​សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ប្រទេសចិន និងសហរដ្ឋអាមេរិក​ហាក់ដូចជា​បានព្យាយាមបញ្ជៀស​សង្រ្គាមពាណិជ្ជកម្មកាលពី​ខែឧសភា ដោយទីក្រុង​ប៉េកាំង​យល់ព្រមទិញ​​ផលិតផល​កសិកម្ម និងថាមពល​អាមេរិកបន្ថែម។ ប៉ុន្តែកិច្ច​ព្រមព្រៀងនេះ​បានបរាជ័យ រហូតធ្វើឱ្យភាគីទាំង ប្រកាសតម្លើងពន្ធ​លើផលិតផលនាំចូល​ដាក់គ្នាទៅវិញ​ទៅមក ហើយ​សហរដ្ឋអាមេរិក បានព្រមាន​តម្លើងពន្ធបន្ថែម​ជាង ៤៥០ពាន់លានដុល្លារ លើផលិតផល​ចិន ខណៈមកទល់​ពេលនេះ ពុំទាន់មានកិច្ចចរចា​ជាថ្មីរវាងមហាអំណាច​ទាំងពីរ​ឡើយ៕