​(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិកលោក ដូណាល់​ ត្រាំ បានព្រមានបិទ​ដំណើរការរដ្ឋាភិបាល​អាមេរិកជាថ្មី បើសិនជា​គណបក្ស​ប្រជាធិបតេយ្យ មិនព្រមផ្ដល់កិច្ច​សហការ​លើដោះស្រាយបញ្ហាសន្តិសុខ​ព្រំដែន​ទេនោះ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ បានលើក​ឡើងនៅ​លើ Twitter នៅថ្ងៃអាទិត្យយ៉ាងដូច្នេះថា «ខ្ញុំអាចនឹងបិទដំណើរការរដ្ឋាភិបាលជាថ្មី បើសិនជាគណបក្សប្រជាធិបតេយ្យ មិនព្រមគំាទ្រដល់ពួក​យើងក្នុងការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ​ព្រំដែន​ក្នុងនោះរួម​មានទាំងជញ្ជាំង​ព្រំដែនទេ​នោះ.. ​ហើយយើងគួរ​តែធ្វើដំណើរ​ ទៅរកប្រព័ន្ធអន្តោប្រវេសន៍​ដ៏សាកសម។ យើងត្រូវ​ការមនុស្ស អស្ចារ្យមកកាន់​ប្រទេស​របស់យើង»។

គួរបញ្ជាក់ថា ការព្រមាន​របស់លោក ដូណាល់ ត្រាំ គឺជាការឆ្លើយតបមួយ​ទៅនឹងការរិះគន់​ លើគោលនយោបាយ​អន្តោប្រវេសន៍នៃ រដ្ឋាភិបាល​របស់លោក ជាពិសេសជុំវិញ​ការបំបែកកុមារចេញ​ពីឪពុកម្ដាយ ដែលជាជន​អន្តោប្រវេសន៍​ខុសច្បាប់។ រដ្ឋាភិបាល​សហព័ន្ធអាមេរិក ជារឿយៗតែងតែ​បិទដំណើរការ​នៅក្នុងករណីសភា​អាមេរិក បរាជ័យក្នុងការ​ចេញកញ្ចប់ថវិកា៕