​(វ៉ាស៊ីនតោន)៖ អ្នកសារព័ត៌មាន New York Times លោក ស៊ូលស៍ប៊ឺហ្គឺ (AG Sulzberger) បានជម្រុញឱ្យ​ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បញ្ឈប់ការចាត់​ទុកអ្នកសារព័ត៌មាន​គឺជាសត្រូវរបស់ប្រជាជន ព្រោះថា​ការធ្វើបែបនេះ​នឹងបង្កទៅជា​អំពើហិង្សា​ប្រឆាំងនឹងប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ​ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។

លោក Sulzberger ធ្វើការកត់សម្គាល់​បែបនេះ​ ក្រោយជំនួបកាលពី​ថ្ងៃអាទិត្យ នៅឯសេតវិមាន​ជាមួយ​លោក ដូណាល់ ត្រាំ ដែលនៅតែបន្តចោទ​ប្រកាន់ថា ប្រព័ន្ធផ្សព្វផ្សាយ​កំពុងធ្វើឱ្យការរស់នៅ​របស់មនុស្សជួប​ហានិភ័យ តាមរយៈ​សេចក្ដីរាយការណ៍​របស់​ពួកគេ។ ប៉ុន្តែ​សម្រាប់អ្នក​សារព័ត៌មាន New York Times រូបនេះ​ វោហាស័ព្ទរិះគន់ប្រឆាំងនឹងសារព័ត៌មាន​ពីសំណាក់​លោក ត្រាំ នឹងបំផ្លាញដល់​លិទ្ធិ​ប្រជាធិបតេយ្យ និងមាន​តែបង្កជាអំពើហិង្សា​ប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ​តែ​ប៉ុណ្ណោះ។

លោក Sulzberger បានគូស​បញ្ជាក់បន្ថែម​យ៉ាងដូច្នេះថា «ព័ត៌មាន​រឿងក្លែងក្លាយ ឬ fake news ដែលលោក ត្រាំ ធ្លាប់តែរិះគន់នោះគឺជា​រឿងមិនពិត ប៉ុន្តែអ្វីដែល​ខ្ញុំបារម្ភនោះ គឺរឿងលោក ត្រាំ ចាត់ទុកអ្នក​សារព័ត៌មានជាសត្រូវ​របស់ប្រជាជន... ហើយ​ខ្ញុំព្រមាន​គាត់ថា ការប្រើប្រាស់​ភាសាដុតបញ្ឆេះ​ទាំងនេះ នឹងបង្កើន​ជាការគំរាមកំហែង​ប្រឆាំងនឹងអ្នក​សារព័ត៌មាន និងអាចបង្ក​ទៅជាអំពើ​ហិង្សា តែប៉ុណ្នោះ»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ​ បានចាត់ផ្ដើមរិះគន់​លើសារព័ត៌មានដូចជា New York Times CNN និង Washington P​ost ជាដើម​ចាប់តាំងតែពីលោក​ជាប់ឆ្នោត​ជាប្រធានាធិបតីអាមេរិក​មកម្ល៉េះ ដោយលោក​ចោទថា សារព័ត៌មានទាំងនេះ​តែងតែចុះ ផ្សាយព័ត៌មាន​ក្លែងក្លាយ​ប្រឆាំងនឹងរូប​លោក និងបង្កឱ្យជីវិត​មនុស្ស​ជួបហានិភ័យ៕ ​