​(សេអ៊ូល)៖ កូរ៉េខាងជើង ត្រូវបានគេរាយការណ៍ថា បានចាប់ផ្ដើមបិទផ្នែកមួយនៃទីតាំងធ្វើតេស្ដបាញ់គ្រាប់រ៉ុក្កែតដ៏សំខាន់ នៅភាគអាគ្នេយ៍ប្រទេស ជាកិច្ចអនុវត្តតាមកិច្ចព្រមព្រៀងនៅក្នុងប្រទេសសិង្ហបុរី រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។

យ៉ុនហាប់ ផ្អែកលើគេហទំព័រអាមេរិក 38 North បានបញ្ជាក់ថា រូបភាពរបស់ស្ថានីយបាញ់គ្រាប់រ៉ុក្កែតកូរ៉េខាងជើង Sohae ថត ជាប់ដោយផ្កាយរណប បានបង្ហាញថាទីក្រុងព្យុងយ៉ាង កំពុងអនុវត្តតាមការសន្យាជាមួយសហរដ្ឋអាមេរិក កាលពីខែមិថុនា។ លោក ដូណាល់ ត្រាំ បាននិយាយថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងបំផ្លាញទីតាំងធ្វើតេស្ដគ្រាប់រ៉ុក្កែត មួយ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថាទីតាំងណាមួយនោះទេ។ ទីក្រុងព្យុងយ៉ាង បានប្រើប្រាស់ស្ថានីយ Sohae ទុកសម្រាប់បាញ់ ផ្កាយរណប តែក្រុមមន្ត្រីអាមេរិកសង្ស័យថាកូរ៉េខាងជើង ប្រើប្រាស់ស្ថានីយមួយនេះដើម្បីបាញ់សាកល្បងគ្រាប់មីស៊ីល។

គួររំលឹកថា នៅក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនា លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ សំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ។ តែយ៉ាងនេះក្ដី ក៏មានការ
រិះគន់ជាច្រើនលើកិច្ចព្រមព្រៀងនេះដែរ ដោយសារតែខ្វះការបញ្ជាក់លម្អិតថាពេលណា ឬក៏ថាតើកូរ៉េខាងជើងនឹងរំសាយអាវុធ នុយក្លេអ៊ែរយ៉ាងដូចម្ដេច៕