ទីបំផុតតុលាការសម្រេច៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល និងក្រុមហ៊ុននាវា Sewol គឺជាអ្នកទទួលខុសត្រូវផ្តល់សំណងក្នុងការលិចនាវាកាលពីឆ្នាំ២០១៤ ដែលបានសម្លាប់មនុស្សជាង៣០០នាក់... (Video inside)
19-07-2018 09:32
(សេអ៊ូល)៖ តុលារការកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះបានសម្រេចថា រដ្ឋាភិបាលទីក្រុងសេអ៊ូល និងក្រុមហ៊ុនជាម្ចាស់សាឡង់ដឹកអ្នកដំណើរ Sewol ដែលបានក្រឡាប់លិចកាលពីឆ្នាំ២០១៤ និងសម្លាប់មនុស្សច្រើនជាង ៣០០នាក់ ភាគច្រើនជាសិស្សសាលា ត្រូវផ្ដល់សំណងដល់គ្រួសារជនរងគ្រោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។
យោងតាម យ៉ុនហាប់ មនុស្សមួយក្រុមមានសមាជិក ៣៥៤នាក់ នៃគ្រួសារសាច់ញាតិជនរងគ្រោះជាសិស្សសាលា ១១៨នាក់ បានដាក់ពាក្យប្ដឹងទាមទារសំណងកាលពីឆ្នាំ២០១៥ ពីរដ្ឋាភិបាល និងក្រុមហ៊ុនជាម្ចាស់នាវា Sewol។
លើសពីនេះទៅទៀត យ៉ុនហាប់ ក៏បានបញ្ជាក់ដែរថា តុលាការកូរ៉េខាងត្បូងបានបង្គាប់ឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនជាម្ចាស់សាឡង់ខាងលើផ្ដល់ប្រាក់សំណង ២១២,០០០ដុល្លារ ដល់គ្រួសារជនរងគ្រោះនីមួយៗជាការទទួលខុសត្រូវលើសោកនាដកម្មដ៏ប្រល័យក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ដែលកាលណោះគឺស្ថិតនៅក្នុងអតីតរដ្ឋបាលដឹកនាំ របស់លោកស្រី ផាក គឺនហេ៕