(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ បាននិយាយថា លោកទទួលស្គាល់​ការសន្និដ្ឋាន​របស់ទីភ្នាក់ងារ​ស៊ើប ការណ៍សំងាត់​អាមេរិក​ដែលរកឃើញថា រុស្ស៊ីជាអ្នកលូកលាន់​ចូលក្នុងកិច្ចការបោះ​ឆ្នោត​ប្រធានាធិបតីអាមេរិក កាលពី​ឆ្នាំ២០១៦។​ ប៉ុន្តែការលើក​ឡើងនេះ គឺផ្ទុយទាំងស្រុងទៅនឹង​អ្វីដែលលោក​បានឡើងពីថ្ងៃ​ម្សិលមិញ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ​ម្សិលមិញ​បានចេញមុខគាំទ្ររុស្ស៊ី ដោយលោកបញ្ជាក់ច្បាស់ៗថា «គ្មានហេតុផល ឬភស្ដុតាងណាមួយ​ដែលចោទ​ប្រកាន់លើ​ទីក្រុងម៉ូស្គូ​ថា ជាអ្នកលូកលាន់​​ក្នុងកិច្ចការ​បោះឆ្នោត​​អាមេរិក​ឡើយ»។ ចំណែកឯ​លោក ពូទីន ក៏បានបដិសេធ​ដែរថា រុស្ស៊ីមិនដែល​បានជ្រៀតជ្រែកកិច្ចការផ្ទៃ​ក្នុងរបស់សហរដ្ឋ​អាមេរិកនោះទេ។

«ប្រធានាធិបតី​រុស្ស៊ី ពូទីន និយាយថា​​មិនមែនរុស្ស៊ី​នោះទេ ហើយខ្ញុំក៏មើល​មិន​ឃើញថា មានភស្ដុតាង ឬហេតុផលណាមួយថា រុស្ស៊ីជាធ្វើវានោះដែរ»។ នេះគឺជាចម្លើយ​តបរបស់​លោក ត្រាំ បន្ទាប់ពីជំនួបបិទ​ទ្វារជាងពីរ​ម៉ោងជាមួយលោក ពូទីន ក្នុងទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់។

ប៉ុន្តែ​គ្រាន់តែធ្វើដំណើរ​ទៅដល់ទីក្រុងវ៉ាស៊ីនតោន​វិញភ្លាម លោក ត្រាំ បានក្រឡាស់សម្ដី ហើយថា​លោកមាន​ការភ័ន្តច្រឡំ ពោល​គឺចង់មានន័យថា លោកមើលមិនឃើញ​ហេតុផល ថា​តើហេតុអ្វីបានជារុស្ស៊ី​មិនមែនជាអ្នកលូកដៃ ចូល​កិច្ចការបោះឆ្នោត​អាមេរិក។ លោក ត្រាំ បញ្ជាក់យ៉ាងខ្លី​ដូច្នេះថា «ខ្ញុំទទួលស្គាល់​ការសន្និដ្ឋាន​របស់ទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​អាមេរិក ដែលថា​រុស្ស៊ីជា អ្នកលូកលាន់ចូល​ក្នុងកិច្ចការបោះឆ្នោត​ប្រធានាធិបតីអាមេរិក​ កាលពីឆ្នាំ២០១៦»

គួរបញ្ជាក់ថា កាលពី​ថ្ងៃអង្គារ​ក្រុមសភា​តំណាងរាស្ត្រអាមេរិក​មកពីគណបក្ស​ប្រជាធិបតេយ្យ និងសាធារណៈរដ្ឋ​បានរិះគន់​ជំនួបរវាង​លោក ត្រាំ និងលោក ពូទីន យ៉ាងខ្លាំង ខណៈសម្ព័ន្ធមិត្ត​អាមេរិកជម្រុញឱ្យ​លោក ត្រាំ បង្ហាញគោល​ជំហរម៉ឺងម៉ាត់ និងច្បាស់​លាស់ចំពោះ​រុស្ស៊ី៕