(អ៊ូឡាន់បាទ័រ)៖ រដ្ឋាភិបាលនៃប្រទេសម៉ុងហ្គោលី​បានសម្រេច​ចិត្តថា ផ្តល់ជំនួយ​មនុស្សធម៌​ជាទឹកប្រាក់ ១០០,០០០ដុល្លារ​សហរដ្ឋអាមេរិក ទៅដល់រដ្ឋាភិបាល​ជប៉ុន បន្ទាប់ពីប្រទេស​ដីកោះមួយនេះ ទើបបានទទួលរងគ្រោះយ៉ាង​ធ្ងន់ធ្ងរដោយ​សារតែទឹក​ជំនន់វាយប្រហារភាគខាង​លិចប្រទេស ដែលបានផ្តាច់ជីវិត​មនុស្សរហូតដល់ ២២០នាក់។ នេះបើតាម​​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។

អ្នកនាំពាក្យក្រសួង​ការបរទេសម៉ុងហ្គោលី នៅថ្ងៃអង្គារនេះ​បានអះអាងថា លោករដ្ឋមន្ត្រី​ការបរទេស ដេមឌីន តាសូកតាបាតារ (Damdin Tsogtbaatar) បានជួបពិភាក្សា​ជាមួយឯកអគ្គរដ្ឋ​ទូត​ជប៉ុន ប្រចាំនៅប្រទេស​ម៉ុងហ្គោលីគឺលោក ម៉ាសាតូ តាកាអូកា (Masato Takaoka) ហើយក៏បានចូលរួម​រំលែកទុក្ខជូន​ដល់ប្រជាជាតិ​ជប៉ុន​ទាំងមូល បន្ថែមនឹងថវិកា​ជំនួយមនុស្សធម៌ប្រមាណ ១០០,០០០ដុល្លារអាមេរិក ជាការរួមចំណែក​ជួយស្តារការខាត​បង់នានា នៅភាគខាង​លិចជប៉ុន ដែលត្រូវបាន​បំផ្លាញស្ទើរខ្ទេចខ្ទី​ដោយទឹកជំនន់ និងការបាក់ដី។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់យ៉ាង​គំហុកបានវាយប្រហារ​ភាគខាងលិច​ប្រទេសជប៉ុន ចាប់តាំងពី​ថ្ងៃទី០៥ ខែកក្កដា និងបន្តមករយៈពេល​ជាច្រើនថ្ងៃជាប់គ្នា នាំឲ្យខេត្ត​ជាច្រើន​រងគ្រោះ​ទឹកជំនន់ និងការ​បាក់ដី។ រហូតមក​ទល់នឹងពេល​នេះ ប្រជាជន​ជប៉ុនរាប់សែន​នាក់ នៅតែបន្តរស់​នៅក្នុងទីជម្រក​បណ្តោះអាសន្ន​នៅឡើយ ដោយសារតែ​លំនៅឋាន​របស់ពួកគេ បានរងការបំផ្លិចបំផ្លាញអស់​ទៅហើយ៕