(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយ​ជប៉ុន​នៅថ្ងៃអង្គារនេះ​បានឱ្យដឹងថា មនុស្សយ៉ាងហោច​ណាស់ ១៤នាក់ បានស្លាប់​ដោយសារ​តែរលក​កម្ដៅ នារយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះ​ នៅក្នុងតំបន់​ភាគខាងលិច​នៃប្រទេស ទើបនឹងរងគ្រោះ​ដោយទឹកជំនន់ និងជាទី​ដែលមនុស្ស​ច្រើនជាង ២០០នាក់ បានបាត់បងជីវិត​កាលពី​សប្ដាហ៍មុន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨

ប្រព័ន្ធផ្សព្វផ្សាយ​ជប៉ុន តាមរយៈស្រង់​សម្ដីពីមន្ត្រីឧតុនិយម​ជប៉ុន​បានបញ្ជាក់ថា សីតុណ្ហភាព​កាលពីថ្ងៃចន្ទ​បានឡើងដល់ខ្ពស់​ជាង ៣៩អង្សាសេ នៅតាមផ្នែកខ្លះ​នៃប្រទេស ជាពិសេស​គឺនៅតំបន់ទើបរងគ្រោះ​ដោយ​ទឹកជំនន់។ «រលកកម្ដៅនេះបានផ្ដាច់ ជីវិតមនុស្ស១៤នាក់ ក្នុងនោះរួមមានស្ត្រីម្នាក់អាយុ៩០ឆ្នាំ ខណៈមនុស្ស​ជាច្រើននាក់ទៀត​ កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ»។ នេះគឺការបញ្ជាក់​បន្ថែមពីមន្ត្រី​ឧតុនិយម​ជប៉ុន។

គួររំលឹកថា កាលពីឆ្នាំ២០១៧ មនុស្សសរុបចំនួន ៤៨នាក់ បានស្លាប់​ដោយសារ​រលកកម្ដៅវាយប្រហារ​នៅចន្លោះពី​ខែឧសភា ដល់ខែកញ្ញា ហើយគ្រាន់តែ​ក្នុងខែកក្កដា​តែមួយគត់ប៉ុណ្ណោះ ចំនួនមនុស្សរហូតដល់​ទៅ ៣១នាក់ បានស្លាប់៕