(តេហេរ៉ង់)៖ រដ្ឋមន្រ្តីប្រេងនៃប្រទេស​អ៊ីរ៉ង់ លោក ប៊ីហ្សាន ណាំដារ ហ្សាហ្គាណេហ៍ (Bijan Namdar Zanganeh) បានឲ្យលើកឡើងថា អង្គការប្រេង OPEC នឹង​ទទួល​រង​ផល​វិបាក​​​ធ្ងន់​ធ្ងរ​ប្រសិនបើសមាជិក​ខ្លួន នៅតែបន្តមិនគោរព​តាមការប្តេជ្ញា ដែលពាក់ព័ន្ធ​នឹងទិន្នផលប្រេង។ នេះបើតាម​ការ​​ដក​ស្រង់​ការ​ផ្សាយ​​​ចេញ​ពី ទីភ្នាក់​ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។

បើតាមលិខិត​របស់លោក Zanganeh ផ្ញើជូនទៅកាន់​ប្រធាន​អង្គការ OPEC បានឲ្យ​ដឹងថា ​ការសម្រេចធ្វើ​ឡើងនៅក្នុង​សន្និសីទ OPEC លើកទី ១៧៤ ពុំបានផ្តល់​សិទ្ធិឲ្យប្រទេស​នានាជា​សមាជិកផលិតប្រេង​ លើសពីចំនួនកូតា​ដែលបានកំណត់នោះ​ឡើយ ប៉ុន្តែផ្ទុយ​ទៅវិញ​​បើតាម​របាយការណ៍​ប្រចាំខែចុងក្រោយ​បំផុតរបស់ OPEC កម្រិតផលិតកម្ម​នៃសមាជិក​មួយចំនួន នៅខែមិថុនា ឆ្នាំ២០០៨ មានចំនួន​​លើសឆ្ងាយ​ពីកម្រិតដែលបាន​ព្រមព្រៀង​គ្នា។ ដូច្នេះហើយនេះ គឺជាការបំពាន​លើការប្តេជ្ញារបស់​ប្រទេសទាំង​នោះ។

គួរជម្រាបថា ក្រសួងការបរទេស​អាមេរិក កាលពី​ខែមិថុនា​បានប្រកាសថា សហរដ្ឋអាមេរិក បាននិងកំពុងជំរុញ​ឲ្យ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ បញ្ឈប់ការនាំ​ចូលប្រេង​ពី​ប្រទេសអ៊ីរ៉ង់​ នៅខែវិច្ឆិកា​ខាងមុខ។ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ស្នើ​ឲ្យ​​អារ៉ាប៊ីសាអូឌីត​ បង្កើនប្រេង​សម្រាប់នាំចេញ​របស់ខ្លួន ដើម្បីត្រៀមសម្រាប់​ការខ្វះខាត​ក្នុងតម្រូវការ​ទីផ្សារ ចំពោះករណី​ដែលការនាំចេញប្រេង​ឆៅ​អ៊ីរ៉ង់​មានការធ្លាក់​ចុះ៕