(វ៉ាស៊ីនតោន)៖ ក្រុមអ្នកតំណាងរាស្ត្រ​អាមេរិក មកពីគណបក្ស​សាធារណៈរដ្ឋ និងគណបក្ស​ប្រជាធិបតេយ្យ​ បានថ្កោលទោស​យ៉ាង​ខ្លាំង​លើប្រធានាធិបតីអាមេរិក​លោក ដូណាល់​ ត្រាំ សម្រាប់ការចេញមុខគាំទ្រ​រុស្ស៊ីប្រឆាំង FBI ជុំវិញការចោទ​ការថា ទីក្រុងម៉ូស្គូ​បានលូកលាន់ក្នុងកិច្ចការ​បោះឆ្នោត​ប្រធានាធិបតីអាមេរិក​ កាលពី​ឆ្នាំ២០១៦។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។

ការរិះគន់​លើលោក ត្រាំ បានផ្ទុះឡើង​នៅក្រោយប្រធានាធិបតី​អាមេរិក​រូបនេះ សម្ដែងការប្រឆាំង​ជំទាស់នឹងទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់អាមេរិក ហើយថា​គ្មានហេតុផល ឬភស្ដុតាង​ណាមួយចោទ​ប្រកាន់លើទីក្រុងម៉ូស្គូ​ថា ជាអ្នកលូកលាន់​ក្នុងកិច្ចការ​បោះឆ្នោត​អាមេរិក​ឡើយ។ ចំណែកឯ​លោក ពូទីន ក៏បានបដិសេធ​ដែរថា រុស្ស៊ី ក៏មិនដែល​បានជ្រៀតជ្រែកកិច្ចការផ្ទៃ​ក្នុងរបស់សហរដ្ឋ​អាមេរិកនោះដែរ។

លោក ដូណាល់ ត្រាំ ថ្លែងបែបនេះ​នៅពេលត្រូវបានអ្នក​សារព័ត៌មានសាកសួរថា តើលោក​ជឿជាក់លើទីភ្នាក់ងារស៊ើបការណ៍​សំងាត់​របស់លោក ឬក៏លោក ពូទីន។ «ប្រធានាធិបតី​រុស្ស៊ី ពូទីន និយាយថា​មិនមែនរុស្ស៊ី​នោះទេ ហើយខ្ញុំក៏មើលមិន​ឃើញថា មានភស្ដុតាង ឬហេតុផលណាមួយថា រុស្ស៊ីជាធ្វើវានោះដែរ»។ នេះគឺជា​ចម្លើយតបរបស់​លោក ត្រាំ។

តែយ៉ាងណា​ក៏ដោយ ថ្លែងចេញពីទីក្រុង​វ៉ាស៊ីនតោន ប្រធានសភា​អាមេរិមកពីគណបក្ស​សាធារណរដ្ឋ លោក ផូល រីយ៉ាន (Paul Ryan) បាន​លើកឡើង​យ៉ាងដូច្នេះថា «លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ គួរតែយល់ថា រុស្ស៊ីមិនមែនជាសម្ព័ន្ធមិត្ត​របស់យើង​នោះទេ ហើយ ក៏គ្មានដែរ​សីលធម៌ស្មើភាពគ្នារវាង​សហរដ្ឋអាមេរិក និងរុស្ស៊ី។ ពោលគឺមានតែ​ការបន្តប្រឆាំង​នឹងមូលដ្ឋានគ្រឹះ​នៃតម្លៃ និងឧត្ដមគតិ របស់យើង​តែ​ប៉ុណ្ណោះ»

គួរបញ្ជាក់ថា ជំនួបកំពូលទ្វេភាគី​​ផ្លូវការជាលើកដំបូង រវាងប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និងប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានធ្វើឡើងនៅ​ឯវិមាន​ប្រធានាធិបតី នៃទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់​កាលពីថ្ងៃចន្ទ។ ប៉ុន្តែ​នៅមុនជំនួប​នេះ រដ្ឋអាជ្ញាពិសេស​អាមេរិកបាន​ដាក់សម្ពាធលើ​លោក ត្រាំ តាមរយៈការចោទ​ប្រកាន់ជាផ្លូវការលើ​មន្រ្តីរុស្ស៊ី ១២រូប ជុំវិញ​ការលូក​លាន់ចូលកិច្ចការ​បោះឆ្នោត​អាមេរិក​កាលពី​ឆ្នាំ២០១៦ ដោយសង្ឃឹមថា លោកនឹង​លុបចោល​ជំនួបនេះ ហើយបង្ហាញ​ពីគោលជំហរ​ម៉ឺងម៉ាត់​ចំពោះ​រុស្ស៊ី៕