(ឡាវ)៖ តាមរៈរបាយការណ៍​មួយរបស់ធនាគារ​ពិភពលោក (World Bank) បានឱ្យដឹងថា ប្រទេសឡាវ​កំពុងដើរលើផ្លូវឆ្ពោះ​ទៅការលេចត្រដែត​ឡើង ​កា្លយជាប្រទេសមួយ​ដ៏សំខាន់នៅក្នុងតំបន់ ខណៈបណ្ដា​ក្រុមហ៊ុនបរទេស​ចាត់ទុកថា ប្រទេសអាស៊ី​អាគ្នេយ៍មួយ​នេះ គឺ ជាចំណុចកណ្តាលផលិតកម្ម​នៅក្នុងតំបន់។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។

យោងតាម​របាយការណ៍ខាង​លើដដែល ការវាយតម្លៃនេះ​គឺធ្វើឡើងដោយ​ផ្អែកលើទិន្នន័យ​របស់រដ្ឋាភិបាល​ឡាវ ដែលបង្ហាញថា ការនាំចេញ​ផលិតផលអេឡិចត្រូនិក​ពាក់កណ្ដាល​សម្រេច ទូរគមនាគមន៍ និងបរិក្ខាអេឡិចត្រូនិក​ បានកើនឡើង​នារយៈពេល ប៉ុន្មានឆ្នាំចុង​ក្រោយនេះ។ លើសពីនេះ​ទៅទៀត ក្រុមអ្នកជំនាញ​សេដ្ឋកិច្ចខ្លះ​ក៏បានព្យាករណ៍ដែរថា ការរីកចំរើននឹងធ្វើឱ្យ​ឡាវរះត្រដែត​ឡើង ក្លាយជាមូលដ្ឋាននៃសង្វាក់ផលិតកម្ម​​នៅក្នុងតំបន់ ក៏ដូចជាអាច​នឹងទាក់ទាញ​ក្រុមហ៊ុនវិនិយោគបរទេស​កាន់តែច្រើន។

គួរបញ្ជាក់ថា បើតាមរបាយការណ៍​មួយរបស់ធនាគារ​ពិភពលោក World Bank ទំហំនាំចេញ​ផលិតផលរោងចក្រ​របស់ឡាវ​ក្នុងរយៈពេល ០៥ឆ្នាំ ចុងក្រោយនេះ​បានកើន​ឡើងពី ២៧០លានដុល្លារ​​កាលពីឆ្នាំ២០១៣ ឡើងទៅដល់ ៧៨០លានដុល្លារ​ក្នុងឆ្នាំ២០១៧ ដែលនេះ​ពិតជាអត្រា​ដ៏ខ្ពស់មួយ ដែលបានជួយ​ជម្រុញកំណើនសេដ្ឋកិច្ច នៃប្រទេសដែលគ្មានព្រំដែនជាប់​សមុទ្រមួយនេះ ឲ្យកាន់តែកើនឡើង​បន្ថែម​ទៀត៕