(វៀងច័ន្ទ)៖ រដ្ឋាភិបាលឡាវ​បានសម្តែងការខកចិត្ត​យ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលទីក្រុង​វ៉ាស៊ីនតោន​​​បានដាក់ទណ្ឌកម្ម​លើ​​ទិដ្ឋការឆ្លងដែន ​របស់មន្ត្រី​មួយចំនួនក្នុងជួររដ្ឋាភិបាល​ប្រទេស​​អាស៊ាន​​មួយនេះ។ នេះបើតាម​ការចេញ​​ផ្សាយដោយ ស៊ីនហួរ ដកស្រង់​ពី​សារព័ត៌មាន​​ឡាវ Vientiane Times នារសៀល​ថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។

ជុំវិញការដាក់​ទណ្ឌកម្មនេះ សហរដ្ឋអាមេរិកបានអះអាងថា ប្រទេសឡាវមិនបានធ្វើកិច្ច​សហការគ្រប់គ្រាន់ ដើម្បីទទួលយក​ជនជាតិឡាវកំពុងរស់នៅ​អាមេរិក ដែលអាជ្ញាធរ​កំពុងត្រៀម​ធ្វើការនិរទេស​ចេញនោះ​ឡើយ។ ទណ្ឌកម្មផ្នែក​ទិដ្ឋាការទៅលើ​មន្ត្រី​ឡាវ​មួយ​ចំនួននេះ គឺគិតចាប់ថ្នាក់​ពីអគ្គនាយកឡើងទៅ ដែលសុទ្ធសឹងជាមន្ត្រី​បម្រើការងារនៅក្នុង​ក្រសួង​សន្តិសុខ​សាធារណៈឡាវ ក៏ដូចជា​សមាជិកក្រុមគ្រួសារ​របស់ពួកគេ ព្រមទាំង​បុគ្គលិកស្ថិតនៅក្រោមឱវាទមួយ​ចំនួនថែម​ទៀត។

សេចក្តីថ្លែងការណ៍​ឆ្លើយតប​របស់ឡាវ ត្រូវបានធ្វើឡើង​តាំងតែពីថ្ងៃទី១០ ខែកក្កដា មកម្ល៉េះ​ ដើម្បីសម្តែង​ការតវ៉ា និងខកចិត្តទៅ​នឹងការដាក់ទណ្ឌកម្ម​របស់សហរដ្ឋអាមេរិក ហើយប្រទេស​ឡាវបានអះអាងទៀតថា «មិនអាចទទួលយកបាន»។ នៅក្នុង​លិខិតតវ៉ានោះ​​បានបញ្ជាក់​យ៉ាងដូច្នេះថា «សកម្មភាព​គ្មានមូលដ្ឋាន និងអយុត្តិធម៌​ប្រព្រឹត្តដោយ​អាមេរិក​ពេល​នេះ គឺជារឿង​ដែលឡាវមិន​អាចទទួល​យកបាន ហើយវា​នឹងជះឥទ្ធិពលអាក្រក់​ទៅ​ដល់​ទំនាក់ទំនង ដែលកំពុងតែរីកលូតលាស់​ល្អទៅហើយ​រវាង​ឡាវ-អាមេរិក...»

គួរបញ្ជាក់ថា ក្រសួងសន្តិសុខ​មាតុភូមិអាមេរិក បានចេញ​សេចក្តីថ្លែងការណ៍​ខាងលើនេះ ក្រោយពីខ្លួនបាន​ចោទប្រកាន់ថា រដ្ឋាភិបាល​ឡាវមិនបានបង្ហាញ​ការសហការដែលអាច​ទទួលយក​បាននោះឡើយ ជុំវិញការទទួលយក​ជនជាតិឡាវមួយចំនួន ដែលអាជ្ញាធរ​អាមេរិករក​ឃើញថា បានមកស្នាក់នៅទឹកដី​មហាអំណាចនេះ​ដោយ​ខុសច្បាប់ ខណៈដែល​ប្រតិបត្តិការបោសសម្អាត​ជនអន្តោប្រវេសន៍ខុសច្បាប់មកពីគ្រប់ទិសទី កំពុងប្រព្រឹត្ត​ទៅយ៉ាង​ក្តៅគគុកដោយរដ្ឋបាលលោក ដូណាល់ ត្រាំ៕