(ម៉ូស្គូ)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ីបានបញ្ចប់ដោយជោគជ័យហើយ នារាត្រីយប់ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយមានបារាំងឈ្នះជើងឯក ក្រោយបំបាក់គូប្រជែងក្រូអាត ដោយលទ្ធផលបច្ចេកទេស ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ ដោយមានកីឡាករឆ្នើមៗ ៨រូបផ្សេងទៀតទទួលបានពានរង្វាន់ បន្ទាប់ពីប្រយុទ្ធលើវាលស្មៅរយៈពេល ១ខែពេញ ជាមួយនឹង ៣២ប្រទេសចូលរួម។

១៖ កីឡាករខ្សែបម្រើប្រយុទ្ធ Luka Modric របស់ក្រូអាត ទទួលបានពានបាល់មាស (Golden Ball) ក្នុងនាមជាកីឡាករលេងបានល្អ ជាងគេប្រចាំយុទ្ធនាការមានរយៈពេល ៤ឆ្នាំម្តង ខណៈពាននេះបានគ្រប់គ្រងដោយ Linel Messi របស់អាហ្សង់ទីន កាលពី World Cup 2014 នៅប្រទេសប្រេស៊ីល។
២៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Harry Kane របស់អង់គ្លេស ទទួលបានពានស្បែកជើងមាស (Golden Boot) ក្រោយស៊ុតបញ្ចូលទីបាន ៦គ្រាប់ច្រើនជាងគេ ស្មើនឹង James Rodriguez របស់កូឡុំប៊ីកាលពី World Cup 2014។
៣៖ កីឡាករខ្សែប្រយុទ្ធ Eden Hazard របស់ប៊ែលហ្ស៊ិក ទទួលបានបាល់ប្រាក់ (Silver Ball) ជាមួយនឹងការជួយក្រុម បិសាចក្រហមនៅអឺរ៉ុបមួយនេះ ជាប់ចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះអង់គ្លេស ២-០ នៅក្នុងការប្រកួតទី៧ ចុងក្រោយនៅ World Cup 2018។
៤៖ កីឡាករខ្សែប្រយុទ្ធ Antoine Griezmann របស់បារាំង ទទួលបានពាន២ម្នាក់ឯង គឺស្បែកជើងប្រាក់ (Silver Boot) និងបាល់សំរិទ្ធ (Bronze Ball) ក្រោយជួយក្រុមមាន់គកមួយនេះឈ្នះជើងឯក World Cup 2018 ជាមួយនឹងការបំប៉ោងសំណាញ់ទីបាន ៤គ្រាប់ និង Assist បាន២គ្រាប់ផងដែរប្រចាំព្រឹត្តិការណ៍នេះ។
៥៖ កីឡាករខ្សែប្រយុទ្ធ Romelu Lukaku របស់ប៊ែលហ្ស៊ិក ដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួម ក្រុមស៊ុត ១គ្រាប់ (Assist)។
៦៖ អ្នកចាំទី Thibaut Courtois របស់ប៊ែលហ្ស៊ិក ទទួលបានស្រោមដៃមាស (Golden Glove) ក្រោយបង្ហាញជំនាញចាប់បាល់ដ៏អស្ចារ្យ ជាពិសេសពេលប៊ែលហ្ស៊ិក បានយកឈ្នះប្រេស៊ីល ២-១ ក្នុងវគ្គ៨ក្រុមចុងក្រោយនោះ។
៧៖ កីឡាករខ្សែប្រយុទ្ធ Kylian Mbappe ទទួលបានពានកីឡាករវ័យក្មេងល្អបំផុត (Best Young Player) ដោយស៊ុត បញ្ចូលទីបាន ៤គ្រាប់ផងដែរ។
៨៖ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ទទួលបានពានក្នុងនាមក្រុមលេងល្អ ដោយពុំមានការប៉ះទង្គិច និងពិន័យផ្សេងៗ (FIFA Fair Play Award)។

សូមបញ្ជាក់ផងដែរថា ជាមួយគ្នានោះ ក្រុមជើងឯកបារាំង ក្រៅពីទទួលបានពាន World Cup ប្រចាំព្រឹត្តិការណ៍នេះ ក៏ទទួលបានមេដាយមាស ៤៥គ្រឿង និងរង្វាន់អមដោយទឹកប្រាក់ ៣៨លានដុល្លារ ខណៈក្រុមរងជើងឯក ក្រូអាត ទទួលបានមេដាយប្រាក់ ៤៥គ្រឿង និងរង្វាន់អមជាទឹកប្រាក់ចំនួន ២៨លានដុល្លារ និងប៊ែលហ្ស៊ិក ជាប់លេខ៣ ទទួលបានមេដាយសំរឹទ្ធ ៤៥គ្រឿងដូចគ្នា និងរង្វាន់អម ២៤លានដុល្លារ និងក្រុមជាប់លេខ៤ អង់គ្លេស ទទួលបានថវិកា ២២លានដុល្លារ៕