(ហែលស៊ីនគី)៖ ប្រធានាធិបតី​អាមេរិក ទីបំផុតបានធ្វើដំណើរ​ទៅដល់​ទីក្រុង​ហែលស៊ីនគី នៃប្រទេស​ហ្វាំងឡង់ហើយ ដើម្បីត្រៀមខ្លួនបើក​កិច្ច​​ប្រជុំផ្លូវការជាលើក​ដំបូង ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន នៅចំពោះមុខភាពតាន​តឹង​ជាច្រើន ហើយក្នុងនោះក៏មាន​ក្រុមបាតុករ​ ដែលកំពុងរៀបចំសម្តែងការប្រឆាំងចំពោះ​ជំនួបកំពូលនេះ​ផងដែរ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។

ដោយធ្វើដំណើរ​ដោយផ្ទាល់ចេញ​ពីស្កុតឡែន នៅក្រោយការ​បំពេញទស្សនកិច្ច​ជិតមួយសប្តាហ៍​នៅចក្រភព​អង់គ្លេស លោក ត្រាំ នឹង​​បើកកិច្ចពិភាក្សា​ជាមួយ​លោក ពូទីន នៅថ្ងៃចន្ទ​សប្តាហ៍នេះ តាមរយៈការប្រើប្រាស់​អ្នកបកប្រែ​សុទ្ធសាធ ហើយមេដឹកនាំ​ប្រទេស​ទាំង​ពីរ នឹង​ធ្វើសន្និសីទ​សារព័ត៌មានរួមគ្នា​មួយ ដើម្បី​ប្រកាស​អំពីលទ្ធផល​នៃ​កិច្ចប្រជុំ​នេះ។ លោក ពូទីន ក៏នឹងទៅដល់​ក្រុង​ហែលស៊ីនគី នា​ពេលឆាប់ៗ​ផងដែរ។

គួរជម្រាបថា កិច្ចប្រជុំខាងលើ​នឹងត្រូវធ្វើឡើង នៅចំពោះមុខ​ភាពតានតឹងរវាងរុស្ស៊ី និងប្រទេស​លោក​ខាងលិច​ទៅលើបញ្ហា​ទាក់ទិន​នឹងប្រទេសអ៊ីរ៉ង់ ស៊ីរី និងតំបន់គ្រីមៀ ព្រមទាំងការ​ទាស់ទែងគ្នារវាង​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​របស់ខ្លួន​ជុំវិញវិស័យពាណិជ្ជកម្ម​ និងការពារជាតិ។ ម៉្យាងវិញទៀត កាលពី​ប៉ុន្មានថ្ងៃមុន រដ្ឋអាជ្ញាពិសេស​អាមេរិក ទើបតែបានចោទប្រកាន់​មន្រ្តីរុស្ស៊ី ១២រូប អំពីការលូក​លាន់ចូលកិច្ចការ​បោះឆ្នោតអាមេរិក​កាលពីឆ្នាំ២០១៦ ប៉ុណ្ណោះ ដែលឈាន​ឲ្យមានការអំពាវនាវ​លុបចោលជំនួប​នេះថែម​ទៀត។

នៅក្នុងឱកាសនៃការបើកកិច្ច​ប្រជុំកំពូលរវាងលោក ត្រាំ និងលោក ពូទីន សន្តិសុខត្រូវបានរឹតបន្តឹងជាខ្លាំង ខណៈដែលការ​ធ្វើបាតុកម្ម​​ត្រូវគ្រោងរៀបចំឡើង ដើម្បីប្រឆាំងនឹង​កិច្ចប្រជុំ ក៏ដូចជាប្រឆាំងនឹងលោក​ប្រធានាធិបតីអាមេរិក​ផ្ទាល់តែម្តង៕