(ចិន)៖ រដ្ឋាភិបាលចិន កំពុងព្យាយាមកសាងបណ្តាញសន្តិសុខសង្គមមួយ ដែលស្មើភាព និងរួមបញ្ចូលគ្នា តាមរយៈការអនុវត្តប្រព័ន្ធសម្របសម្រួលថ្នាក់កណ្តាលមួយ សម្រាប់គ្រប់គ្រងប្រាក់ចូលនិវត្តន៍មូលដ្ឋាន និងប្រាក់ចូលនិវត្តក្នុងកម្រិតថេរ។

ចាប់តាំងពីដើមខែកក្កដាមក រដ្ឋាភិបាលចិន បានចាប់ផ្តើមអនុវត្តប្រព័ន្ធសម្របសម្រួលថ្នាក់កណ្តាលសម្រាប់ គ្រប់គ្រងប្រាក់ចូលនិវត្តន៍កម្រិតមូលដ្ឋានរបស់បុគ្គលិកក្រុមហ៊ុន ដើម្បីជួយសម្រួលឱ្យមានតុល្យភាពនៃបន្ទុកចំណាយរបស់រដ្ឋាភិបាលមូលដ្ឋាន។

បន្ថែមពីនេះទៅទៀត មូលនិធិសម្របសម្រួលថ្នាក់កណ្តាលមួយ ត្រូវបានបង្កើតឡើង ដើម្បីគ្រប់គ្រងប្រាក់ចូលនិវត្តន៍នៅតាមតំបន់ខេត្តផ្សេងៗ ដែលធានាបាននូវការផ្តល់ប្រាក់ពេញលេញទាន់ពេលវេលា ជូនដល់ជនចូលនិវត្តន៍។

គោលនយោបាយថ្មីនេះ គឺជាជំហានដំបូង ដែលឆ្ពោះទៅរកការសម្របសម្រួលថ្នាក់ជាតិមួយ ដែលជួយសម្រួលដល់ផែនការផ្តល់ប្រាក់ចូលនិវត្តន៍ កម្រិតមូលដ្ឋានប្រកបដោយនិរន្តភាព។

សេវាធានារ៉ាប់រងប្រាក់ចូលនិវត្តន៍កម្រិតមូលដ្ឋាន កំពុងផ្តល់ការធានាដល់ពលរដ្ឋជាង៩២០លាននាក់ ពោលគឺកើនឡើង ៦លាន៥សែននាក់ បើធៀបទៅនឹងឆ្នាំមុន។

លើសពីនេះទៅទៀត សេវាធានារ៉ាប់រងសុខភាពកម្រិតមូលដ្ឋាននៅចិន ក៏ផ្តល់ការធានាដល់ពលរដ្ឋជាង ១៣០០លាននាក់ ពោលគឺស្មើនឹងចំនួនប្រជាជនទាំងអស់ទៅហើយ។ នេះបើតាម ក្រសួងធនធានមនុស្ស និងសន្តិសុខសង្គម។

លោក ឈូ ហ្វូលីង ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវសន្តិសុខសង្គម នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច បានថ្លែងថា «សេដ្ឋកិច្ចចិន មានស្ថិរភាពនិងសន្ទុះកំណើនល្អ ហើយការពង្រឹងច្បាប់និងប្រព័ន្ធផ្សេងៗ ក៏បង្កើតបានជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍនៅពេលអនាគត របស់ប្រព័ន្ធសន្តិសុខសង្គមផងដែរ។ ពួកយើងក៏បានពង្រឹងសមត្ថភាពរបស់យើង ដែលរួមមានការបង់ប្រាក់ សេវាកម្ម និងការគ្រប់គ្រង ដើម្បីធានាឱ្យបាននូវសុខមាលភាពរបស់ប្រជាជន»

ថវិកាសន្តិសុខសង្គមរបស់ចិន ទទួលបានលទ្ធផលក្នុងកម្រិតថេរ និងវិជ្ជមាន ក្នុងឆ្នាំនេះ។ ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ប្រាក់ចំណូលសរុបនៃថវិកាធានារ៉ាប់រងលើប្រាក់ចូលនិវត្ត៍សម្រាប់បុគ្គលិក បានកើនដល់ជាង២៨៩ពាន់លានដុល្លារអាមេរិក កើនឡើង ២២.៧ភាគរយ បើធៀបនឹងឆ្នាំមុន។

លោក ជិន វ័យកាង ប្រធានបណ្ឌិតសភាការងារ និងសន្តិសុខសង្គមចិន ថ្លែងថា «ចំនួនប្រជាជនដែលចូលរួមក្នុងសេវាធានារ៉ាបរងសង្គមផ្សេងៗ ព្រមទាំងចំណូលសរុបនៃថវិកាធានារ៉ាប់រង និងចំណូលពីការបង់សេវាធានារ៉ាប់រង បានកើនឡើង។ ក្នុងអំឡុងពេល៦ឆ្នាំកន្លងទៅនេះ នេះគឺជាកំណើនដ៏លឿនបំផុតហើយ នៃថវិកាធានារ៉ាបរងលើប្រាក់ចូលនិវត្តន៍សម្រាប់បុគ្គលិក ដែលពួកយើងបានឃើញ។ នេះសបញ្ជាក់ឲ្យឃើញថា សន្ទុះនៃកំណើនសេដ្ឋកិច្ចចិន នៅតែមានជាបន្តបន្ទាប់ ស្របពេលដែលថវិកាធានារ៉ាប់រងផ្សេងៗ មានការរីកចម្រើនក្នុងកម្រិតថេរ»៕ (សារព័ត៌មាន CCTV របស់ចិន)