(ស្កុតឡែន)៖ ក្រោយពីបាន​បំពេញទស្សនកិច្ច ជិតមួយ​សប្តាហ៍កន្លងមក​នៅតំបន់អឺរ៉ុប ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សម្រេច​ចំណាយពេលវេលានា​ចុងសប្តាហ៍នេះ ដើម្បីសម្រាក​នៅឯរីសតផ្ទាល់​ខ្លួន​របស់លោក​នៅឯប្រទេស​ស្តុកឡែន មុនត្រូវបន្តដំណើរទៅ​ជួប​​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃចន្ទ​សប្តាហ៍​ក្រោយ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មាន​ចិន CGTN នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។

បន្ទាប់ពីបាន​មកដល់​អាកាសយានដ្ឋាន ក្លាសហ្គូវ ព្រែសវីក (Glasgow Prestwick) នៃប្រទេ​ស្តុតឡែន លោក ដូណាល់ ត្រាំ​ និងភរិយា​កំពុងស្នាក់​នៅក្នុង​​រីសតវាយកូនហ្គោល​ដ៏ប្រណិតមួយ​កន្លែងរបស់​លោក នៅតំបន់ ធើនប៊ឺរី (Turnberry) ភាគនិរតីពី​ទីក្រុង Glasgow។ ការចំណាយ​ពេលវេលា​នៅ​ស្តុតឡែន គឺជាឱកាស​សម្រាកលំហែកាយ​ នៃដំណើរទស្សនកិច្ច​នៅតំបន់អឺរ៉ុប​​របស់លោក នៅមុនការបើក​កិច្ចប្រជុំជាមួយ​​​លោក វ៉្លាឌីមៀ ពូទីន នៅក្រុង​ហែលស៊ីនគី (Helsinki) ប្រទេសហ្វាំងឡង់។

គួរជម្រាបថា ការមកដល់ស្តុតឡែនត្រូវបាន​ធ្វើឡើង បន្ទាប់ពី​លោក ត្រាំ បានបំពេញដំណើរ​ទស្សនកិច្ចជា​លើកដំបូង ក្នុងនាមជាមេដឹក​នាំ​អាមេរិក នៅឯទីក្រុង​ឡុងដ៍ ដើម្បីជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្រ្តី និងចូលគាល់​ព្រះមហាក្សត្រីយ៍​អង់គ្លេស៕