(សៀងហៃ)៖ ខ្យល់ព្យុះ ផ្គររន្ទះ និងការធ្លាក់ភ្លៀង​យ៉ាងខ្លាំងក្លាកំពុងតែ​វាយលុកយ៉ាងចាស់ដៃ​ទៅលើ​ប្រទេសចិន ដោយទឹកជំនន់​ដែលជន់ជោរ​ពីដង​ទន្លេធំៗ​បានបំផ្លិចបំផ្លាញ​ស្ពាន ធ្វើឲ្យកកស្ទះកំណាត់​ផ្លូវថ្នល់ និងផ្លូវដែក ព្រមទាំងបង្ខំឲ្យ​ប្រជាជនរាប់​ម៉ឺននាក់ ត្រូវជម្លៀសខ្លួនទៅកាន់​​ទីសុវត្ថិភាព ហើយក៏បាន​បណ្តាលឲ្យ​មនុស្សមួយ​ចំនួន​បាត់បង់ជីវិត​ផងដែរ។ នេះបើតាម​ការ​ដកស្រង់ការផ្សាយ​​ចេញ​ពី​សារព័ត៌​មាន Channel News Asia នៅរសៀល​ថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨។

អាជ្ញាធរ​ឧតុនិយមចិន បាននិងកំពុងព្យាករណ៍​ឃើញថា ភ្លៀងនឹងបន្តធ្លាក់ខ្លាំង​ថែមទៀត​នៅពាសពេញ​ផ្ទៃប្រទេស​ឈាន​ចូល​មក​ដល់​​​ថ្ងៃ​សៅរ៍នេះ ដោយទឹកជំនន់ និងគ្រោះរអិលបាក់ដី ត្រូវគេរំពឹងថានឹងកើតមាន​នៅខេត្តស៊ីឈាន់​ភាគនិរតី។ ជាមួយគ្នានេះ​នៅតំបន់​ភាគ​ឦសាន ក៏មានការព្រមានអំពី​គ្រោះទឹកជំនន់ ហើយប្រជាជន​នៅទីនោះ ត្រូវបានអំពាវនាវ​ឲ្យកុំឲ្យរៀបចំពិធីអ្វីនៅ​ខាងក្រៅ ហើយ​ប្រុង​ប្រយ័ត្ន​​​ចំពោះ​ការស្រុត​រលំ​នៃអគារ។

ទន្លេងាយ​ជន់លិច Yangtze ដែល​រត់ពីខេត្ត Yunnan ភាគនិរតី​ទៅនៅខេត្ត Jiangsu និងក្រុងសៀងហៃនៅឆ្នេរភាគខាងកើតនោះ មាន​ការកើនឡើងកម្ពស់ទឹកជាខ្លាំង ដែលវាបានបណ្តាលឲ្យមានការជន់លិច តំបន់នៅតាមដៃទន្លេនានា ហើយធ្វើឲ្យ​​កម្រិតទឹកនៃទំនប់​ទឹក​យក្ស​ Three Gorges កើនឡើងខ្លាំងថែមទៀត។ ចំណែកទន្លេ​លឿងនៅភាគខាងជើង​ប្រទេស ក៏បានជន់លិច និងបង្កភាព​រាំងស្ទះដល់​កំណាត់ផ្លូវដែកនៃខេត្តភាគ​ពាយ័ព្យ Shannxi ផងដែរ។

​បើតាមប្រព័ន្ធផ្សព្វ​ផ្សាយក្នុងស្រុក ផ្លូវហៃវ៉េ​​ជាង ១០ខ្សែ នៅខេត្តស៊ីឈាន់ មិនអាចត្រូវ​ប្រើប្រាស់បាន​ដោយសារតែទឹកជំនន់ ហើយ​ស្ពានមួយខ្សែ​ឆ្លងកាត់ទន្លេ Min របស់ខេត្ត​បានបាក់ស្រុត។ ទឹកជំនន់នៅក្នុង​ខេត្តភាគ​និរតីនេះ បានបង្កការខូចខាត​សរុបគិតជា​ទឹក​ប្រាក់​​ប្រមាណ ៣៦០លានដុល្លារ គិតត្រឹម​សប្តាហ៍នេះ។ ជាមួយគ្នានេះ នៅក្រុងក្បែរ​ខាងគ្នា Chingqing វិញ​បាន​ជម្លៀស​​មនុស្ស​ជាង ៨០,០០០នាក់។

គួរជម្រាបថា ក្រៅពីនេះ​នៅខេត្ត Gansu នៅភាគ​ពាយ័ព្យ​បានរាយការណ៍ថា មានមនុស្ស ១២នាក់​បាត់បងជីវិត និងជាង​១លាននាក់​បានទទួលរងផលប៉ះពាល់ ដោយការធ្លាក់ភ្លៀង និងទឹកជំនន់នេះ ខណៈតំបន់ស្វយ័ត​ម៉ុងហ្គោល ដែលធម្មតា​ធ្លាប់តែរាំងស្ងួតនោះ ក៏​បាន​ចេញសារព្រមាន​ពីគ្រោះទឹកជំនន់​ផងដែរ៕